ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងសិស្សប្រឡងជាប់និទ្ទេស A នៅវិទ្យាល័យស្ទឹងសែន
AKP កំពង់ធំ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអនុប្រធានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងលោកជំទាវ ឈីវ ភារម្យ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកនាយកសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្សនិងសិស្សជាប់ជ័យលាភីនិទ្ទេស A ២នាក់ នៅវិទ្យាល័យស្ទឹងសែនក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលទើបប្រឡងជាប់ថ្មីៗសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ និងមានពិធីដង្ហែដើម្បីអបអរសាទរដល់សិស្សដែលបានប្រឡងជាប់និទ្ទេសA នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ព្រះចៅអធិការវត្តក្តីអណ្តែត ប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង/សង្កាត់ លោកមេឃុំ/ចៅសង្កាត់ លោក នាយកសាលា លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង៣០០នាក់។

លោក ធន ធុង នាយកវិទ្យាល័យស្ទឹងសែន បានលើកឡើងពីស្ថានភាពទូទៅឆ្នាំសិក្សា២០២៥-២០២៦ខាងមុខនេះគឺ អគារសិក្សាមាន៦ខ្នង ចែកជា៣១បន្ទប់ (ដកធ្វើទីចាត់ការ២បន្ទប់ និងធ្វើបន្ទប់ផ្សេងៗ៧បន្ទប់) មានបុគ្គលិកចំនួន៦៦នាក់(ស្រី៣៣នាក់) សិស្សសរុបចំនួន១៣៩០នាក់ (ស្រីចំនួន៧៨៣នាក់) ក្នុងនោះសិស្សមធ្យមសិក្សាបឋមភូមិមានចំនួន៧០៩នាក់ (ស្រី៣៦៣នាក់) និងសិស្សមធ្យមសិក្សាទុតិយភូមិចំនួន៦៨១នាក់ (ស្រី៤២០នាក់)។

ក្នុងឱកាសនោះ ឯកឧត្តម លី ច័ន្ទតុលា បានអបអរសាទរចំពោះជ័យលាភីដែលក្មួយៗទើបប្រឡងជាប់បាក់ឌុប ជាពិសេសគឺក្មួយៗ ដែលទើបទទួលបាននិទ្ទេសA២នាក់ដំបូងបង្អស់របស់វិទ្យាល័យស្ទឹងសែន នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ និង បានផ្ដល់កុំព្យូទ័រនិងថវិកាមួយចំនួនដល់សិស្សទទួលបាននិទ្ទេសA ព្រមទាំងរង្វាន់លើកទឹកចិត្តផ្សេងៗទៀតក៏ដូចជាការឧបត្ថម្ភគាំទ្រដល់បេក្ខជនផ្សេងៗទៀតទៅតាមស្ថានភាពជាក់ស្ដែង។

ឯកឧត្តម លី ច័ន្ទតុលា បានជំរុញដល់ក្មួយៗទាំងអស់ដែលទើបប្រឡងជាប់បាក់ឌុប សូមបន្តជ្រើសរើសចូលរៀននៅមហាវិទ្យាល័យទៅតាមចំណង់ចំណូលចិត្តព្រោះមានតែចំណេះដឹងនិងឯកទេសវិជ្ជាជីវៈបំណិនជីវិតច្បាស់លាស់ទេទើបនាំឱ្យខ្លួនឯងក៏ដូចជាគ្រួសារ និងប្រទេសជាតិមានអនាគត មានការរីកចម្រើនពិតប្រាកដ ដែលសិស្សានុសិស្សទាំងអស់បានខិតខំសិក្សារៀនសូត្រកន្លងមក។សូមក្មួយៗទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នាដើម្បីកុំឱ្យមានការបាត់បង់ដល់អាយុជីវិត។ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

សូមបញ្ជាក់ថា សិស្សដែលជាប់ជ័យលាភីនិទ្ទេស A ទាំង២នាក់ មាន៖ ១. ឈ្មោះ ខេង លីណា ភេទស្រី រស់នៅភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និង២. ឈ្មោះ ហុន ហ្វ៊ីលីប ភេទប្រុស រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សម្រាប់អ្នកចូលរួមទាំងអស់ក្នុងកម្មវិធីក៏បានទទួលនូវអង្ករ១បេនិងថវិកាមួយចំនួនពីឯកឧត្តម និងលោកជំទាវផងដែរ៕
ដោយ ស៊ុម វណ្ណា





