កងកម្លាំងនគរបាលបន្ទាយមានជ័យ ដឹកជញ្ជូនពលរដ្ឋខ្មែរ ២១នាក់ វិលត្រឡប់ពីថៃដល់ផ្ទះដោយសុវត្ថិភាព
AKP បន្ទាយមានជ័យ ថ្ងៃទី៥ខែតុលាឆ្នាំ២០២៥--
កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន តាមរយៈការប្រើប្រាស់រថយន្តចំនួន ០២គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន ២១នាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិដូង ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់នៅខេត្តបន្ទាយមានជ័យដោយឥតគិតថ្លៃ និងប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥។

សកម្មភាពដ៏យកចិត្តទុកដាក់នេះ ធ្វើឡើងយ៉ាងខ្ជាប់ខ្ជួនទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន ១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជា តាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។

ជាលទ្ធផល ក្នុងប្រតិបត្តិការនៅថ្ងៃសៅរ៍ ទី០៤ ខែតុលា នេះ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៤:០០នាទីល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់មកវិញសរុបមានចំនួន ២១នាក់ ក្នុងនោះមានស្ត្រី ០៩នាក់។ ពួកគាត់ទាំងអស់សុទ្ធតែមានលំនៅដ្ឋាននៅខេត្តបន្ទាយមានជ័យ។
កម្លាំងនគរបាលបានប្រើប្រាស់ រថយន្តចំនួន ០២គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋានរៀងៗខ្លួន។
ឆ្លៀតក្នុងឱកាសនៃការចុះជួយសម្រួល និងដឹកជញ្ជូនពលរដ្ឋខ្មែរដែលបានចេញពីប្រទេសថៃនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍សង្កត់ធ្ងន់ថា«សកម្មភាពនេះ គឺធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិ ដោយបានដាក់អាទិភាពខ្ពស់ក្នុងការជួយសម្របសម្រួលដល់បងប្អូនពលរដ្ឋខ្មែរដែលជួបការលំបាក»។

«យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាធានាថា បងប្អូនប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរទៅដល់ផ្ទះដោយសុវត្ថិភាព ហើយមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួនណាមួយឡើយ ដែលជាការជួយសម្រាលបន្ទុកដ៏លំបាករបស់ពួកគាត់ បន្ទាប់ពីវិលត្រឡប់មកពីប្រទេសថៃ»។
ចំណែកឯពលរដ្ឋដែលបានវិលត្រឡប់មកវិញ ក៏បានបង្ហាញនូវអារម្មណ៍រំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់កងកម្លាំងនគរបាលខេត្ត ក៏ដូចជាអាជ្ញាធរខេត្ត។
អ្នកស្រី មុំ អាយុ ៤០ឆ្នាំ ដែលវិលត្រឡប់មកដល់ស្រុកកំណើតនៅបន្ទាយមានជ័យ បានលើកឡើងទាំងទឹកមុខញញឹមថា «ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលឃើញសមត្ថកិច្ចយើងមានការយកចិត្តទុកដាក់ដល់ពួកខ្ញុំដល់ថ្នាក់នេះ ព្រោះខ្ញុំអត់មានលុយគ្រប់គ្រាន់សម្រាប់ជួលឡានទៅផ្ទះទេ។ ឥឡូវសមត្ថកិច្ចបានជួយដឹកជញ្ជូនពួកខ្ញុំដល់លំនៅដ្ឋានដោយសុវត្ថិភាព ខ្ញុំសូមអរគុណជាខ្លាំង»។
សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី សាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាកម្លាំងសមត្ថកិច្ចកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់ខ្លួន៕
ដោយ៖នឈុនសារ៉ាត





