ខេត្តកំពង់ចាមប្រារព្ធទិវាដើរពិភពលោក ក្រោមប្រធានបទ "ដើរដើម្បីសន្តិភាព»
AKP កំពង់ចាម ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥-
រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នេះបានរៀបចំប្រារព្ធ ទិវាដើរពិភពលោក ក្រោម ប្រធានបទ ដើរដើម្បីសន្តិភាព ដែលដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាមនិង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទាក់ទាញអ្នកចូលរួមគាំទ្រមានរហូតដល់ជាង ៤០០០ អង្គ/នាក់ មកពីគ្រប់មជ្ឈមដ្ឋាន គ្រប់ សមាសភាពចូលរួម។

ថ្លែងក្នុងពិធីដ៏វិសេសវិសាលនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាមបានលើកឡើងថា ការធ្វើក្បួនព្យុះហយាត្រាដ៏មានអត្ថន័យ ក្នុងទិវាដើរពិភពលោក«ដើរដើម្បីសន្តិភាព» ធ្វើឡើងក្នុងស្មារតីស្នេហាជាតិ ដើម្បីបង្ហាញពីបេះដូងខ្មែរតែមួយ ដែលស្រឡាញ់សន្តិភាព ស្រឡាញ់ជាតិមាតុភូមិ និងស្រឡាញ់ទឹកដីរបស់ខ្លួន។ ព្រមជាមួយគ្នានេះ ក៏ជាការបង្ហាញទៅកាន់សហគមន៍អន្តរជាតិឱ្យបានដឹងថា «ប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយមិនចង់បានការឈ្លានពាន ឬជម្លោះណាមួយឡើយ»។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនទស្សវត្សមកហើយ ដែលធ្វើឲ្យកម្ពុជាស្គាល់ច្បាស់ពីតម្លៃ សន្តិភាពនិងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ព្រឹត្តិការណ៍ទិវាដើរពិភពលោក ដើរដើម្បីសន្តិភាពឆ្នាំនេះ ស្របពេលដែលប្រទេសថៃកំពុងធ្វើការឈ្លានពានបូរណភាពទឹកដី របស់កម្ពុជាយើង។ ព្រឹត្តិការណ៍ថ្ងៃនេះបានបង្ហាញអំពីស្មារតីរួបរួម កម្លាំងមហាសាមគ្គីជាមួយវីរកងទ័ពកម្ពុជាដែលបានកំពុងប្រយុទ្ធប្រឆាំងការឈ្លានពានរបស់សៀមដើម្បីការពារបូរណភាពទឹកដី របស់យើង និងសូមឧទ្ទិសនូវដួងវិញ្ញាណខ័ណ្ឌ ចំពោះវីរកងទ័ពដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិសូមទៅកាន់ សុខគតិភពកបី ឃ្លាងឃ្លៀតឡើយ។

ឯកឧត្តមអ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា កម្ពុជាចង់បានតម្លៃសុខសន្តិភាព កម្ពុជាស៊ូទ្រាំអត់ធ្មត់ក្នុងស្ថានការក៏ឈឺចាប់និងសូម អំពាវនាវដល់ប្រជាជនកម្ពុជាទូទាំងប្រទេសត្រូវរក្សាភាព ស្ងៀមស្ងាត់ និងជឿជាក់លើការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង។ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិទើបរក្សាបានយូរអង្វែង។
ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និងយុវជនទាំងអស់ ដែលបានចូលរួមនិមន្ត ដើរជាកម្លាំងគាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខក្នុងការការពារបូរណភាពទឹកដី «កម្ពុជាស្រឡាញ់សន្តិភាព ដើរដើម្បីសន្តិភាព»៕
ដោយ៖ ឆាយ ម៉ុត





