តំណាងអចិន្ត្រៃយ៍កម្ពុជា ឆ្លើយតបទៅនឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេស ដែលមានភាពអតុល្យភាព និងផ្តោតតែលើសិទ្ធិនយោបាយ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥--
ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងកិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ក្នុងបទអន្តរាគមន៍ឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា ទោះកម្ពុជាសូមស្វាគមន៍ការអំពាវនាវដំបូងរបស់អ្នករាយការណ៍ឱ្យគោរពកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ សន្តិភាពមិនអាចស្ថិតនៅលើពាក្យសម្ដីតែប៉ុណ្ណោះទេ នៅពេលដែលបញ្ហាការផ្លាស់ទីលំនៅដោយបង្ខំ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិ ការបណ្តេញចេញដោយបង្ខំ និងស្ថានភាពនៃទាហានដែលត្រូវបានចាប់ខ្លួន នៅតែមិនទាន់បានដោះស្រាយ។
ការអះអាងថា កម្ពុជាជាប់ក្នុង “ស្ថានភាពដ៏លំបាក” និង “ស្ថានភាពដ៏គ្រោះថ្នាក់” គឺជាការបំភ្លៃ។ កម្ពុជាមិនខ្វិនទេ តែកំពុងឈានទៅមុខ៖ ងើបពីសង្គ្រាម ដើម្បីកសាងស្ថាប័នសន្តិភាព និងច្បាប់ឡើងវិញ។ ការបោះឆ្នោតមានភាពសេរី សង្គមស៊ីវិលមានភាពរស់រវើក និងវឌ្ឍនភាពគឺមិនអាចបដិសេធបាន។
ទោះជាយ៉ាងណា របាយការណ៍នេះត្រូវបានឃើញថា មានភាពជ្រើសរើស និងអតុល្យភាព ដោយផ្តោតតែសិទ្ធិនយោបាយ ខណៈពេលមិនសូវទទួលស្គាល់សមិទ្ធផលសង្គមសេដ្ឋកិច្ច។ ឯកឧត្តម ឯកអគ្គរាជទូត បានរំលឹកថា សិទ្ធិពលរដ្ឋ និងនយោបាយមិនអាចមាននិរន្តរភាពបានទេ ប្រសិនបើសិទ្ធិសេដ្ឋកិច្ច និងសង្គមរលំចុះ។ ដូច្នេះ ឯកឧត្តម ឯកអគ្គរាជទូត បានអំពាវនាវឱ្យអ្នករាយការណ៍ពិសេសគោរពតាមក្រមសីលធម៌របស់អ្នកកាន់អាណត្តិពិសេស ដោយភាពអព្យាក្រឹត និងតុល្យភាព។
ឯកឧត្តម ឯកអគ្គរាជទូត បានអំពាវនាវបន្ថែមឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស ពិចារណាលើរបាយការណ៍ដោយយុត្តិធម៌៖ ទទួលស្គាល់ទាំងសមិទ្ធផល និងបញ្ហាប្រឈម ដោយទប់ទល់នឹងការជ្រើសរើស និងនយោបាយូបនីយកម្ម ហើយបន្តសហប្រតិបត្តិការលើមូលដ្ឋាននៃការគោរព និងតុល្យភាព។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាយ៉ាងមាំមួន៖ ចំពោះសន្តិភាពជាមូលដ្ឋានសិទ្ធិ ចំពោះអភិវឌ្ឍជាមគ្គុទ្ទេសក៍នៃសេចក្តីថ្លៃថ្នូរ និងចំពោះការទទួលបានសិទ្ធិមនុស្សពេញលេញសម្រាប់ពលរដ្ឋកម្ពុជាទាំងអស់។
ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូនៃប្រទេសជាច្រើនលើសលុបបានថ្លែងសរសើរចំពោះសមិទ្ធផល វឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកម្ពស់ និងការពារសិទ្ធិមនុស្សសម្រាប់ពលរដ្ឋគ្រប់រូប។
ខាងក្រោមនេះ ជាបទអន្តរាគមន៍ទាំងស្រុងរបស់ ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា៖











