ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះជំហាន២ (IWRM2) ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
AKP ភ្នំពេញ ថ្ងៃ០៤ ខែតុលា ឆ្នាំ២០២៥–
មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកក្នុងរដូវវស្សា ដែលអាចប្រឈមនឹងហានិភ័យទឹកជំនន់ ក៏ដូចជា ការគ្រប់គ្រងរក្សាទឹកសម្រាប់ការប្រើប្រាស់នៅរដូវប្រាំងខាងមុខ។ ក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមសហការផ្តល់ទិន្នន័យ និងព័ត៌មានសំខាន់ៗដល់អ្នកជំនាញនៃបេសកកម្មនេះឱ្យបានលម្អិត ដើម្បីបានជាធាតុចូលសំខាន់លើការគ្រប់គ្រងធនធានទឹកក្នុងតំបន់ សម្រាប់ប្រតិភូដៃគូអភិវឌ្ឍន៍ធ្វើជាមូលដ្ឋានក្នុងការគិតគូររៀបចំផែនការកែលម្អ និងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបម្រើឱ្យវិស័យកសិកម្ម កសិឧស្សាហកម្ម ផលិតកម្មទឹកស្អាត បរិស្ថាន ការចិញ្ចឹមសត្វ ដែលចូលរួមចំណែកយ៉ាងសំខាន់ដល់ការលូតលាស់រីកចម្រើននៃសេដ្ឋកិច្ចជាតិកម្ពុជា។

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍បែបនេះក្នុងឱកាសដែល ឯកឧត្តម អញ្ជើញដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង ទីប្រឹក្សាជាតិ អន្តរជាតិ និងក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យការអនុវត្តគម្រោងការគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះជំហាន២ (IWRM2) ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ នាថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ ២០២៥ ។

ឯកឧត្តម និងក្រុមការងារ បានចុះពិនិត្យទីតាំងជាក់ស្តែងនៅសំណង់ស្ទាក់ទឹកកំពង់គោ អូរទូចឡាត និងប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ដោយមានការចូលរួមពីប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក James Redstock ដើម្បីពិនិត្យជ្រើសរើសទីតាំងសក្តានុពលសម្រាប់ការអនុវត្តអនុគម្រោងនៅតាមដងស្ទឹងសែន ក្នុងក្របខ័ណ្ឌគម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះជំហាន២ (IWRM 2) ដែលធ្វើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងធ្វើទំនើបកម្មជាប្រព័ន្ធស្រោចស្រពគ្រប់ជ្រុងជ្រោយ ជួយកាត់បន្ថយការលិចលង់ និងរក្សាទឹកក្នុងបរិមាណគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅរដូវប្រាំង៕

ដោយ៖ ពេជ្រ សំអឿន( ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម )





