កម្ពុជា អរគុណចិន ក្នុងតួនាទីសំខាន់សម្របសម្រួល បទឈប់បាញ់ជាមួយថៃនិងស្ថាបនាសន្តិភាពឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥--ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បទឈប់បាញ់ជាមួយថៃ និងពិភាក្សាការងារសំខាន់ៗក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅវិស័យការពារជាតិរវាងប្រទេសទាំងពីរ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥។

ឯកឧត្តម ទៀ សីហា បានថ្លែងថា៖«កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចិន ដែលបានធ្វើតួនាទីសំខាន់ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ការគាំទ្រនេះជាភស្តុតាងបញ្ជាក់ថា ចិនជាមិត្តដែលអាចទុកចិត្តបានបំផុត និងជាបងប្អូនល្អ ដែលតែងតែចែករំលែកទាំងសុខទុក្ខជាមួយប្រជាជាតិខ្មែរ។ កម្ពុជាមានឆន្ទៈរឹងមាំក្នុងការរួមដំណើរការជាមួយចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅគ្រប់វិស័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំទាំងពីរ»។

ក្នុងឱកាសនេះ ភាគីចិនបានបង្ហាញឆន្ទៈចង់ឱ្យប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ដោយមានប្រសិទ្ធភាព បង្កើនការសន្ទនាទ្វេភាគី ដើម្បីបង្កើនជំនឿទុកចិត្ត និងស្ថាបនាសន្តិភាពឡើងវិញ។

ភាគីទាំងពីរ ក៏បានប្តេជ្ញារួមគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ រួមទាំងការបណ្តុះបណ្តាលសិក្ខាកាម និងសមយុទ្ធរួម ដើម្បីរួមចំណែកកសាងសហគមន៍កម្ពុជា-ចិនគ្រប់រដូវ និងអនាគតរួមគ្នាក្នុងយុគសម័យថ្មី៕

ដោយ៖ ប៊ុនរិទ្ធ
ប្រភព៖ ហ្វេសប៊ុកឯកឧត្តម ទៀ សីហា





