មន្ទីរអភិវឌ្ឍន៍ជនបទប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៥
AKP កណ្តាល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥--នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ក្រោមអធិបតីភាពលោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួលរួមលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកជំទាវ លីម មុយឡេង បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ក្នុងរយៈពេល៣ត្រីមាស ឆ្នាំ២០២៥នេះ បានយកចិត្តទុកដាក់ និងខិតខំអនុវត្តនូវរាល់សកម្មភាពការងារដែលបានគ្រោងទុក និងការងារមួយចំនួនប្រគល់ជូនជាក់ស្តែងៗ តាមរយៈថ្នាក់ដឹកនាំក្រសួង ក៏ដូចជារដ្ឋបាលខេត្ត ក្នុងគោល បំណងសំដៅជំរុញចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារ ប្រកបដោយចីរភាព និងសុខុមាលភាពកាន់តែល្អប្រសើរ ដោយផ្តោតសំខាន់ទៅលើ៖ ការបង្កើនប្រាក់ ចំណូលគ្រួសារនៅជនបទ ការបង្កើនសុខុមាលភាពគ្រួសារនៅជនបទ និងការអប់រំសីលធម៌សង្គម ដើម្បីឱ្យមានគុណធម៌ និងក្លាយជាពលរដ្ឋល្អ ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ មន្ទីរក្នុងតួនាទី ជាសេនាធិការជូនក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូជារដ្ឋបាលខេត្ត ពិតជាបានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន យ៉ាងសកម្មលើវិស័យអភិវឌ្ឍន៍ជនបទក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាពិសេសបានអនុវត្តយ៉ាង ខ្ជាប់ខ្ជួនតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាចក្ខុវិស័យរបស់ក្រសួង មានកម្មវិធីអាទិភាពគន្លឹះទាំង ៥គឺ៖ទី១៖អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់, ទី២៖លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ទី៣៖ ការងារអភិវឌ្ឍសហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ, ទី៤៖លើកកម្ពស់ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងទី៥៖ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។

លោកជំទាវរដ្ឋលេខាធិការបានស្នើដល់មន្ត្រីទាំងអស់ សូមតាមដានប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់ អំពីការឈ្លានពានដ៏គឃ្លីនរបស់យោធាថៃមកលើអធិបតេយ្យភាពបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា ដែលនាំឱ្យផ្ទុះអាវុធបង្កជាសង្គ្រាមឡើងកាលពីថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក។ ក្នុងនោះកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ ដែលសង្គ្រាមនេះអស់រយៈពេល៥ថ្ងៃ។ ក្នុងស្ថានភាពប្រទេសកម្ពុជា ត្រូវបានឈ្លានពាន និងបង្កសង្គ្រាមពីសំណាក់យោធាថៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំណាយពេលវេលាច្រើនឥតគណនា និងបានគិតគូប្រកបដោយ គតិបណ្ឌិតទាំងក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ចរចា ការទូត ផ្លូវច្បាប់ និងគ្រប់មធ្យោបាយ ដើម្បីបុព្វហេតុការពារជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាពិសេសគិតគូយកចិត្តទុកដាក់ខ្ពស់ដល់វីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ជនភៀសសឹក៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





