អភិបាលខេត្តកំពង់ស្ពឺអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ស្ពឺ នាឱកាសបុណ្យភ្ជុំបិណ្ឌ
AKP កំពង់ស្ពឺ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាល មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ប្រមាណ២០០នាក់ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តកំពង់ស្ពឺរបស់យើង តែងតែរៀបចំធ្វើការជួបជុំគ្នាមុនឱកាសបុណ្យកាន់បិណ្ឌ និងបុណភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ ហើយការជួបជុំគ្នានាពេលនេះ គឺជាប្រពៃណីទំនៀមទម្លាប់ ដែលថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល ជួបជុំបង្កើតទំនាកទំនងប្រកបដោយភាពស្និទ្ធស្នាល ភាពស្នាមញញឹម និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនមន្ត្រីរាជការ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។


ឯកឧត្តមបានកោតសរសើរចំពោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញអស់សមត្ថភាព ជំនាញនីមួយៗ ដើម្បីបំពេញការងារជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទីគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ក៏ដោយ ក៏យើងនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់នោះទទួលបានលទ្ធផលល្អប្រសើរថែមទៀត។

ឯកឧត្តមបន្ដថា ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត សូមចូលរួមរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌប្រពៃណីខ្មែរ ដែលប្រព្រឹត្តិទៅនៅពេលខាងមុខ និងការជួបជុំក្រុមគ្រួសារ និងសូមផ្ដាំផ្ញើការសួរសុខទុក្ខថ្នាក់ដឹកនាំមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តន៍ជនក្នុងខេត្តកំពង់ស្ពឺ ទទួលបានសេចក្តីសុខ សេចក្តីចម្រើនជោគជ័យគ្រប់ភារកិច្ច និងការធ្វើដំណើរទៅកាន់ទីជិត ទីឆ្ងាយ ប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា។

ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តទាំងអស់ សូមគោរពអរគុណដល់ឯកឧត្តម បណ្ឌិតជាម ច័ន្ទសោភ័ណនិងលោកជំទាវ ដែលតែងតែបានយកចិត្តទុកដាក់ទាំងសុខុមាលភាព និងការគិតគូរក្នុងឱកាសនៃពិធីបុណ្យទាននានា ជូនមកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់យើងទាំងអស់គ្នា។ សូមជូនពរដល់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការដទៃទៀត ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ៕
ដោយ លឹម សាន្ត





