មន្ត្រីជាន់ខ្ពស់ CDC បញ្ជាក់ថា ចិនជាដៃគូពាណិជ្ជកម្ម និងប្រភពទេសចរធំជាងគេរបស់កម្ពុជា
AKP ក្រុងណាននីង ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥– មន្ត្រីជាន់ខ្ពស់ CDC បញ្ជាក់ថា ចិនជាដៃគូសន្ទនាដំបូងគេបង្អស់ ដែលអាស៊ានបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ហើយចិន ក៏ជាអ្នកវិនិយោគធំជាងគេ ដៃគូពាណិជ្ជកម្មធំជាងគេ និងជាប្រភពទេសចរធំជាងគេរបស់កម្ពុជា។
នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំតុមូលស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ក្រោមប្រធានបទ “ការអនុវត្ត និងកិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិតរវាងចិន និងអាស៊ាន”។

ឯកឧត្តមអគ្គលេខាធិការរងបានលើកឡើងអំពីទំនាក់ទំនងប្រកបដោយថាមវន្តរវាងអាស៊ាន និងចិន ដោយចិនជាដៃគូសន្ទនាដំបូងគេបង្អស់ដែលអាស៊ានបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ខណៈបច្ចុប្បន្នអាស៊ាន និងចិនជាដៃគូពាណិជ្ជកម្មធំជាងគេទៅវិញទៅមក ហើយចិនជាវិនិយោគិនដ៏សំខាន់នៅតំបន់អាស៊ាន។ ចិនជាមិត្តចាស់របស់កម្ពុជាដែលបានភ្ជាប់ទំនាក់ទំនងការទូតអស់រយៈពេល៦៧ឆ្នាំមកហើយ ដែលទំនាក់ទំនងដ៏យូរលង់នេះបានធ្វើឱ្យចិនក្លាយជាអ្នកវិនិយោគធំជាងគេ ដៃគូពាណិជ្ជកម្មធំជាងគេ និងជាប្រភពទេសចរធំជាងគេរបស់កម្ពុជា។

ឆ្លៀតឱកាសនៃកិច្ចប្រជុំខាងលើ ឯកឧត្តមក៏បានជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពថ្មីៗនៃគោលនយោបាយវិនិយោគ ដែលរាជរដ្ឋាភិបាលបានកែលម្អឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលដើម្បីផ្តល់ភាពអំណោយផលដល់វិនិយោគិនគ្រប់ជាតិសាសន៍ និងការដាក់ឱ្យដំណើរការសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចមានជាអាទិ៍ថ្នាល CDC Investment Project Management (cdcIPM) និងប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window)។

ឯកឧត្តមបានបញ្ជាក់ជូនអង្គវេទិកាអំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមិត្តចិន និងអាស៊ាន ដើម្បីចាប់យកឱកាសពីបញ្ញាសិប្បនិម្មិត, ធ្វើឱ្យស៊ីជម្រៅភាពជាដៃគូសេដ្ឋកិច្ច, និងបង្កើតនូវសហគមន៍អនាគតរួមគ្នារវាងចិននិងអាស៊ាន៕ ដោយ៖ ចរិយា ប្រភព៖ CDC





