ឯកឧត្តមអភិបាលខេត្តព្រះសីហនុអញ្ជើញសំណេះសំណាលជាមួយគរុសិស្ស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
AKP ព្រះសីហនុ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយគរុសិស្ស នៃសាលាគរុកោសល្យខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំ និងមន្ទីរពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្តបានធ្វើការសំណេះសំណាលដោយគូសបញ្ជាក់ថា ប្អូនៗជាគរុសិ្សស ក៏ប៉ុន្តែនៅពេលខាងមុខប្អូនៗនិងក្លាយជាលោកគ្រូ អ្នកគ្រូ ដែលជាមនធានមនុស្សក្នុងការបណ្តុះបណ្តាលបន្តវេនទៅដល់យុវជនរបស់យើងជំនាន់ក្រោយ ទន្ទឹមនោះក៏សូមអគុណប្អូនៗដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កីឡា ដូចជាការចូលរួមរត់ប្រណាំង និងការជិះកង់ ព្រោះកីឡានាំមកនូវសុខភាព កីឡាផ្សព្វផ្សាយពីវស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្តសូមអគុណប្អូនៗដែលបានចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ស្របពេលដែលព្រំដែនយើងមានភាពតានតឹងជាមួយភាគីថៃ ហើយប្អូនៗបានចូលរួមយ៉ាងសកម្មក្នុងការប្រមូលអំណោយមនុស្សធម៌ពីសប្បុរសជន និងប្រជាជននៅក្នុងខេត្តព្រះសីហនុ នាពេលកន្លងមក ដោយបានប្រើប្រាស់កម្លាំង ប្រាជ្ញា ស្មារតីក្នុងការចូលរួមក្នុងការប្រមូលអំណោយមនុស្សធម៌នៅជួរក្រោយ យកទៅឧបត្ថម្ភសមភូមិមុខ ព្រោះសមភូមិក្រោយមិនដាច់ឆ្ងាយពីគ្នានោះទេ ហើយនៅជាប់ជាមួយគ្នានៅគ្រប់រូបភាព ក្នុងការលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងការជំរុញលើកទឹកចិត្តដល់យុទ្ធជនរបស់យើងនៅតាមព្រំដែន ទន្ទឹមនោះយើងក៏ត្រូវត្រៀមស្បៀងបំរុងសម្រាប់យកទៅឧបត្ថម្ភជូនកងទ័ពជួរមុខ ក៏ដូចជាការជួយប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋរងគ្រោះផងដែរ យើងត្រូវមានដំណោះស្រាយត្រៀមគ្រប់ករណីដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់យើងផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ចង់បានព្រំដែនមួយ ដែលជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងព្រំដែនមួយដែលមានការអភិវឌ្ឍ ដែលជាបាវចនារបស់ថ្នាក់ដឹកនាំរបស់យើងចង់បាន យើងមិនចង់ឪ្យប្រទេសជាតិមានសង្គ្រាមនោះទេ ព្រោះកម្ពុជាទទួលបានសុខសន្តិភាពនៅឆ្នាំ១៩៩៨ ដូច្នេះយើងមិនចង់ឱ្យមានសង្គ្រាមកើតឡើងជាថ្មីម្តងទៀតនោះទេ ព្រោះសង្គ្រាមបង្កឱ្យខូចខាតសេដ្ឋកិច្ច និងបាត់បង់ការអភិវឌ្ឍ បើប្រទេសជាតិមានសន្តិភាព យើងមានឱកាសអភិវឌ្ឍប្រទេស ដោយឡែកបើប្រទេសធ្លាក់ក្នុងសង្គ្រាមធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ និងបាត់បង់អាយុជីវិតប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា កម្ពុជាប្រើប្រាស់យន្តការចរចាដែលជាគោល ដៅរបស់រាជរដ្ឋាភិបាលដែលកំពុងធ្វើ ហើយក៏ជាកិត្តិយសនៅលើឆាកអន្តរជាតិ ដែលជាទិសដៅរបស់រាជរដ្ឋាភិបាល ដូច្នេះយើងទាំងអស់គ្នាចូលរួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការដោះស្រាយព្រំដែន ព្រមទាំងសូមជូនពរឱ្យលោកគ្រូ អ្នកគ្រូ និងប្អូនជាគរុសិស្សទាំងអស់មានសុខភាពល្អ កាយសម្បទាមាំមួន។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បាននាំយកថវិកាឧបត្ថម្ភជូនគរុសិស្ស ៦១នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ២៦នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងម្នាក់ថវិកា៥០ម៉ឺនរៀល៕
ដោយ ងូ សុមុនី





