រដ្ឋមន្ដ្រីក្រសួងទេសចរណ៍៖ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល
AKP សៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយពិគ្រោះយោបល់ ស្ដីពីបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យទេសចរណ៍ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះថា បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករជំរុញឱ្យមានការផ្លាស់ប្ដូរដល់វិស័យទេសចរណ៍ ដោយធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរកាន់តែមានភាពរលូន និងការទទួលបានការបដិសណ្ឋារកិច្ចកាន់តែពេញចិត្ត និងបំភ្លេចមិនបាន។


ពាក់ព័ន្ធនឹងកិច្ចការងារដ៏មានសារៈសំខាន់នេះ ឯកឧត្ដមបានផ្ដល់អនុសាសន៍មួយចំនួនដល់ ក្រុមការងារបរិវត្ដកម្មឌីជីថលរបស់ក្រសួងទេសចរណ៍ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនអក្ខរកម្ម និងបំណិនបច្ចេកវិទ្យាឌីជីថលដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកប្រើប្រាស់។ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការអាជីវកម្មទេសចរណ៍។ ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសុវត្ថិភាព និងសន្តិសុខសាយប័រ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនចំណេះដឹង ជំនាញ និងបច្ចេកទេសច្បាស់លាស់។ ជំរុញការធ្វើទីផ្សារបែបឌីជីផលដោយរក្សាការធ្វើទីផ្សារបែបប្រពៃណីចំពោះបរិបទកម្ពុជានាពេលបច្ចុប្បន្ន។


ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានដើរតួនាទីយ៉ាងសំខាន់ដែលតម្រូវឱ្យអ្នកពាក់ព័ន្ធ មិនអាចខ្វះបាន ក្នុងការចូលរួមចំណែក នៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលប្រជាពលរដ្ឋត្រូវតែយល់ដឹងឱ្យបានកាន់តែច្បាស់ ដើម្បីទាញយកផលប្រយោជន៍ អំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ លើសពីនេះ ក្នុងនាមជាប្រតិបត្តិ-ករទេសចរណ៍ ការអភិវឌ្ឍសមត្ថភាពខ្លួន ស្របតាមបច្ចេកវិទ្យាឌីជីថល គឺជារឿងសំខាន់និងចាំបាច់ដោយត្រូវសិក្សាឈ្វេងយល់បន្ថែមអំពីបច្ចេកវិទ្យានៃការគ្រប់គ្រងប្រព័ន្ធនានា ការផ្សព្វផ្សាយ ទេសចរណ៍ និងការផ្តល់សេវាកម្មតាមរយៈឌីជីថល ជាពិសេសអំពីការការពារខ្លួនលើប្រព័ន្ធឌីជីថល របស់ខ្លួន៕
ដោយ ឃុត សៅ





