ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍និងជំរុញការប្រើប្រាស់ App NoDrug
AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ -- ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍តាមរយៈសិក្ខាសាលាផ្សព្វផ្សាយអប់រំស្ដីពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍បានរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍និងជំរុញការប្រើប្រាស់ App NoDrug។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយអប់រំស្ដីពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្ដកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នួន សុមេធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាតំណាង ឯកឧត្ដម ហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានអ្នកចូលរួមជិត១០០នាក់ មកពីមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំង ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ និងអ្នកពាក់ព័ន្ធនានា។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងពីបច្ចុប្បន្នភាពនៃស្ថានភាពគ្រឿងញៀន ព្រមទាំងបានបញ្ជាក់ពីភាពចាំបាច់ការចូលរួមរបស់រដ្ឋបាលរាជធានី ខេត្តក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកុំឱ្យរីករាលដាលក្នុងសហគមន៍ ការបំផុសស្មារតីចូលរួម និងការបំផុស ជំរុញឱ្យប្រជាពលរដ្ឋទាញយកនិងប្រើប្រាស់ App NoDrug។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបានជំរុញឱ្យប្រជាពលរដ្ឋចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយគ្រាន់តែចុចរាយការណ៍តាមទូរសព្ទដៃរបស់ពួកគាត់ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍។

ក្នុងឱកាសនោះ ឯកឧត្តម នៃ ចារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនបានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគ្រប់សមាសភាពទាំងអស់ដែលបានរួមគ្នាជួយលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្ដមអភិបាលរងខេត្ដបានបន្ដថា រដ្ឋបាលខេត្តនឹងបន្តដាក់វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមបទដ្ឋានគតិយុត្តិនានា ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ការពារយុវជនដែលជាធនធានបន្តវេនផ្ដល់នូវទំនុកចិត្តដល់អ្នកទេសចរណ៍ឱ្យមកទស្សនាខេត្តកំពង់ឆ្នាំង ជាខេត្តបឹងទន្លេសាបដ៏ស្រស់ត្រកាលមួយនេះ។
ឯកឧត្តម នួន សុមេធ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានណែនាំឱ្យបន្តចូលរួម អនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ អនុវត្តបទបញ្ជាលេខ ០១ បប អនុវត្តវិធានការដ្ឋបាលចំពោះអាជីវកម្មឱ្យស្របច្បាប់ស្តីពីទេសចរណ៍និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនតាមទិសស្លោក “៣កុំ ១រាយការណ៍ ប្រើប្រាស់App NoDrug គ្រប់គ្នា និងសហការបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលយកសេវាព្យាបាលដោយឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព ដើម្បីឆ្លើយតបជាមួយរាជរដ្ឋាភិបាលដែលមានឆន្ទៈមុតស្រួចក្នុងការលុបបំបាត់គ្រឿងញៀន។
ជាមួយគ្នានេះដែរ វាគ្មិនឧត្តមសេនីយ៍ត្រី យិន យឿត បានធ្វើបទបង្ហាញពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងធ្វើការពិភាក្សាលើករណីសិក្សាចំនួន៤ ទាក់ទងនឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍ និងការទាញយកនិងប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrug ដើម្បីទទួលចំណេះដឹង ព័ត៌មាន កម្សាន្ត អប់រំ ព្យាបាល ជាពិសេស ការរាយការណ៍រាល់គ្រប់ករណីបទលើ្មសគ្រឿងញៀនដើម្បីទទួលបានការដោះស្រាយ រហ័ស មានសុវត្ថិភាពដល់អ្នករាយការណ៍១០០%៕
ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





