រដ្ឋបាលខេត្តពោធិ៍សាត់ផ្តល់កុំព្យួទ័រយួរដៃដល់រដ្ឋបាលឃុំ/សង្កាត់ទាំង៤៩
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រគល់កុំព្យួទ័រយួរដៃរបស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជាជូនដល់រដ្ឋបាលឃុំ/សង្កាត់ទាំង៤៩ ស្មើនឹង៤៩គ្រឿង សម្រាប់ជំនួយការហិរញ្ញវត្ថុប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍មូលនិធិគាំទ្រការផ្តល់សេវាឃុំ/សង្កាត់តាមប្រព័ន្ធឌីជីថល ដោយក្នុងពិធីប្រគល់ និងទទួល នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ខេត្ត បានថ្លែងអំណរគុណដល់គម្រោងអាហារូបត្ថម្ភថ្នាក់ជាតិ ព្រមទាំងម្ចាស់ជំនួយដែលបានយកចិត្តទុកដាក់ និងគិតគូរដល់ក្រុមការងារនៅថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ/សង្កាត់ ដែលតែងតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ប្រឹក្សាយោបល់ និងបានផ្ទេរមូលនិធិគាំទ្រផ្តល់សេវាមួយនេះ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា គម្រោងអាហារូបត្ថម្ភខេត្តពោធិ៍សាត់ បានអនុវត្តដោយចែកចេញជា៣ដំណាក់កាល ត្រូវចាប់ផ្តើមពីជុំទី៣ មាន១ស្រុក ជុំទី៤ មាន៤ស្រុក/ក្រុង និងជុំទី៥មាន ២ស្រុក ក្នុងនោះដំណាក់កាលទី១ (ជុំទី៣) គឺស្រុកបាកានមាន៩ឃុំ និង១៣២ភូមិ អនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២២។ ដំណាក់កាលទី២ (ជុំទី៤) មាន៤ស្រុក គឺស្រុកវាលវែង ស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ មាន២០ឃុំ/សង្កាត់ និង១៧៤ភូមិ អនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៣។ ដំណាក់កាលទី៣ (ជុំទី៥) មាន២ស្រុក គឺស្រុកក្រគរ និងស្រុកណ្តៀង មាន២០ឃុំ និង២១៩ភូមិ អនុវត្តក្នុងឆ្នាំ២០២៤។

ជាមួយគ្នានោះក្រុមការងារអាហារូបត្ថម្ភថ្នាក់ខេត្តបានកែសម្រួល និងសម្របសម្រួលរៀបចំជ្រើសរើសក្រុមទ្រទ្រង់សុខភាពបាន ៥២៧ភូមិស្មើនឹង ១.០៥៤ក្រុម ក្នុង១ភូមិ២នាក់ ក្នុងនោះមានស្រ្តីចំនួន ៨៣៥នាក់។ ក្រៅពីនោះបានរៀបចំជនបង្គោលការងារបរិស្ថាន សង្គម និងជនជាតិដើមភាគតិចដល់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក្រុង និងឃុំ/សង្កាត់ ដោយមានកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពក្នុងការបណ្តុះបណ្តាលសុខភាពមាតាទារក កុមារ និងអាហារូបត្ថម្ភដល់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារក្នុងឃុំ/សង្កាត់ និងក្រុមទ្រទ្រង់សុខភាពភូមិ។

ឯកឧត្តមបានលើកឡើងថា កិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្តល់សេវាឃុំ/សង្កាត់ គឺដើម្បីដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់មូលនិធិ វិធីសាស្ត្រវាយតម្លៃ និងការដាក់ពិន្ទុតាមសូចនាករវាយតម្លៃប្រចាំឆមាសនីមួយៗ និងរៀបចំរបាយការណ៍តាមប្រព័ន្ធឌីជីថល។
ក្នុងឱកាសនេះឯកឧត្តម ខូយ រីដា បានស្នើឃុំ/សង្កាត់ក្រោយពីទទួលបាននូវកុំព្យួទ័រយួរដៃនេះហើយ សូមយកទៅប្រើប្រាស់បម្រើផលប្រយោជន៍សាធារណៈឱ្យចំគោលដៅ និងថែរក្សាវាឱ្យបានគង់វង្ស ព្រោះវាមានសារៈប្រយោជន៍ក្នុងការទុកដាក់ឯកសារ របាយការណ៍តាមប្រព័ន្ធឌីជីថល ងាយស្រួលក្នុងការតាមដាន និងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពនៃកម្មវិធីឃុំ/សង្កាត់ប្រកបដោយប្រសិទ្ធភាព ច្បាស់លាស់ត្រឹមត្រូវ និងគ្មានការបាត់បង់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់)





