បទយកការណ៍៖ រមណីយដ្ឋានទេសចរណ៍ នៅក្នុងខេត្តសៀមរាប ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្ដរជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ
AKP សៀមរាប ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ -- បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។

ការធ្វើទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ ដើម្បីជាការធ្វើទាន និងការគោរពដឹងគុណចំពោះមាតាបិតា និងការជួបជុំគ្រួសារទៅតាមទំនៀមទម្លាប់ ប្រពៃណីដែលកើតមានឡើងជាយូរឆ្នាំមកហើយនោះ។ សម្រាប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ។

ជាមួយគ្នានេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះគឺ ដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានធ្វើបុណ្យធ្វើទាន ធ្វើបដិការគុណ គោរព តបស្នងសងគុណមាតាបិតា ជីដូនជីតា អាណាព្យាបាល តាមជំនឿ និងបានរួមចំណែកថែរក្សា នូវប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា វប្បធម៌ អរិយធម៌ ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិឱ្យបានគង់វង្សផងដែរ។

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្ដរជាតិ នឹងត្រូវឈប់សម្រាកដើរលេងកម្សាន្ត នៅតាមរមណីដ្ឋាន និងតាមតំបន់ទេសចរណ៍នានា នៅតាមបណ្ដារាជធានី ខេត្ដ ជាពិសេសខេត្ដនៅជាប់មាត់សមុទ្រ ខេត្ដតំបន់ភូមិភាគឦសាន្ដ និងខេត្ដដែលមានប្រាង្គប្រាសាទ តំបន់វប្បធម៌ប្រវត្ដិសាស្រ្ដដូចជាខេត្ដសៀមរាបជាដើម។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបបានជំរុញឱ្យគ្រប់អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំសណ្នាប់ធ្នាប់ឱ្យបានល្អ ការផ្តល់សេវាកម្មបដិសណ្ឋារកិច្ចឱ្យបានល្អ ការផ្តល់សេវាកម្មម្ហូបអាហារ និងតម្លៃឱ្យបានសមរម្យ ដើម្បីធ្វើឱ្យភ្ញៀវទេសចរមានការពេញចិត្ត ក្នុងដំណើរកម្សាន្ត នៅខេត្តសៀមរាប ប្រកបដោយសេចក្តីសប្បាយរីករាយ។

លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា គ្រប់សេវាកម្មទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាប រួមមាន សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងតាមតំបន់រមណីយដ្ឋាននានា បានត្រៀមខ្លួនជាស្រាចសម្រាប់ទទួលស្វាគមន៍ភ្ញៀទេសចរណ៍គ្រប់ជាតិសាសន៍ ដែលនឹងអញ្ជើញមកកម្សាន្តសប្បាយ ក្នុងថ្ងៃសម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ។ លោកបានលើកឡើងថា សម្រាប់សេវាស្នាក់នៅ គឺមានច្រើន ពុំខ្វះនោះទេ ដោយតម្លៃសមរម្យ។ លោកប្រធានស្ដីទីក៏បានអំពាវនាវសូមអញ្ជើញភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅប្រទេស មកកម្សាន្តសប្បាយនៅខេត្តសៀមរាបឱ្យបានច្រើន ពីព្រោះ នៅខេត្តសៀមរាបមានតំបន់កម្សាន្តសប្បាយច្រើន ទាំងតំបន់ទេសចរណ៍បេតិកភណ្ឌ តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍កែច្នៃ និងតំបន់សហគមន៍ទេសចរណ៍ ជាឱកាសល្អក្នុងការដើរកម្សាន្តក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ។

ជាមួយគ្នានេះ លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់បន្ថែមថា៖ «យើងដឹងហើយថា ខេត្តសៀមរាប គឺជាតំបន់ប៉ូលទេសចរណ៍យ៉ាងសំខាន់ ដែលជាពិសេស គឺទេសចរអន្តរជាតិ ហើយក្នុងបុណ្យភ្ជុំបិណ្ឌនេះ យើងឃើញថា មានការឈប់សម្រាករបស់បងប្អូនប្រជាពលរដ្ឋ។ ដូចនេះយើងជឿថា អ្នកទេសចរនៅខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជា ពួកគាត់នឹងត្រឡប់ទៅធ្វើបុណ្យទៅកម្សាន្ត។ ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្ត បានណែនាំឱ្យបងប្អូនប្រតិបត្តិករទេសចរណ៍របស់យើង ពង្រឹងនូវគុណភាពសេវាកម្មទាំងអស់ ជាពិសេសសេវាស្នាក់នៅ សេវាម្ហូបអាហារ តម្លៃត្រូវសមស្របទៅតាមផលិតផលរបស់យើង។»

ទាក់ទងនឹងការរៀបចំកន្លែងស្នាក់នៅក្នុងខេត្ដសៀមរាបនេះដែរ លោកស្រី ថន រចនា តំណាងសណ្ឋាគារអង្គរសេនជូរី នឹងស្ប៉ាបានឱ្យដឹងថា សណ្ឋាគារលោកស្រីបានត្រៀមលក្ខណៈរួចហើយសម្រាប់ស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលនឹងអញ្ជើញមកកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ទាំងបន្ទប់ស្នាក់នៅ និងម្ហូបអាហារ។ លោកស្រីបន្ដថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បន្ទប់សណ្ឋាគារ គឺទទួលបានការកក់បន្ទប់ស្នាក់នៅជាបណ្តើរៗហើយ ប៉ុន្តែបើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ អត្រាកក់បន្ទប់ស្នាក់នៅទាបជាងឆ្នាំមុន។ លោកស្រីបញ្ជាក់ថា ក្នុងនាមជាអ្នកផ្តល់សេវាទេសចរណ៍ម្នាក់ក្នុងខេត្តសៀមរាប គឺរង់ចាំស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ជានិច្ច ហើយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរគួរជ្រើសរើសការធ្វើដំណើរមកកម្សាន្តនៅខេត្តសៀមរាប ព្រោះនៅទីនេះ មានសុខសុវត្ថិភាពល្អ មានបដ្ឋិសណ្ឋារកិច្ចល្អ ហើយគ្រប់តំបន់ទេសចរណ៍ និងកន្លែងស្នាក់ គឺមានសុវត្ថិភាពទាំងអស់សម្រាប់ភ្ញៀវទេសចរ។

ចំណែកលោក ភួង សាវុន តំណាងឱ្យសហគមន៍ទេសចរណ៍ នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាបបានឱ្យដឹងដែរថា នៅក្នុងស្រុកបន្ទាយស្រី មានកន្លែងកម្សាន្តជាច្រើន ហើយពេលភ្ញៀវទេសចរធ្វើដំណើរទៅដល់ភូមិព្រះដាក់ គឺមានម្ហូបអាហារនៅតាមដងផ្លូវ រួមទាំងនំបញ្ចុក នំត្នោត ជាមួយគ្នានេះ ក៏មានការជិះរទះគោទស្សនាតាមភូមិផងដែរ។ លោក សាវ៉ុន បានឱ្យដឹងទៀតថា បន្ទាប់មកក៏មានសួនមេអំបៅ សួនក្រអូប ផ្ទះបៃតង និងសហគមន៍ទេសចរណ៍បឹងឈូក ដែលនៅទីនោះមានសេវាកម្មជាច្រើន ដូចជាការជិះទូកកម្សាន្ត ទស្សនាសត្វព្រៃ ជាពិសេស គឺមានសេវាម្ហូបអាហារមានរស់ជាតិឆ្ងាញ់ និមានតម្លៃសមរម្យ៕



ដោយ៖ ឃុត សៅ





