អាជ្ញាធរចុះអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជំនន់នៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥-- លោក ឡាយ សុទ្ធី អនុប្រធានក្តាប់រួមនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារមន្ទីរ ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំសំរោង និងក្រុមការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹកភ្លាមៗនៅឃុំសំរោង ស្រុកអូរជ្រៅ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

ការចុះអន្តរាគមន៍នេះធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ដែលបណ្តាលឱ្យទឹកពីអូរព្រំដែនជោរជន់ ហើយហូរធ្លាក់មកត្រង់អូរល្ហុង បង្កឱ្យទឹកក្នុងអូរកូបតូច ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ឡើងខ្លាំង និងបន្តហូរមកដល់ភូមិអូរជ្រៅ ឃុំសំរោង។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមការងារបានប្រើប្រាស់ អេស្កាវ៉ាទ័រមួយគ្រឿង កាយបើកមុខទឹកដើម្បីបន្ធូរបន្ថយលំហូរទឹក ឱ្យហូរចូលទៅក្នុងប្រឡាយដោះទឹកមេ ១-២ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ។ ការអន្តរាគមន៍បានទាន់ពេលវេលានេះ គឺពុំបានបង្កឱ្យមានការប៉ះពាល់ ឬខូចខាតដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋនោះទេ។

ក្នុងឱកាសនោះដែរ លោក ឡាយ សុទ្ធី ក៏បានជំរុញដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធទាំងអស់ ឱ្យបន្តចុះតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ ដើម្បីអាចដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕

ដោយ ឈុន សារ៉ាត





