ទិវាកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌាដែលហៅកាត់ថា ITEC ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥--ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងភ្នំពេញបានរៀបចំព្រឹត្តិការណ៍មួយដើម្បីអបអរសាទរទិវាកិច្ចសហ ប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការពង្រឹងទំនាក់ទំនងជាមួយ ប្រទេសកម្ពុជា ដោយបង្ហាញពីឥទ្ធិពលយ៉ាងជ្រាលជ្រៅនៃគំនិតផ្តួចផ្តើមវគ្គបណ្តុះបណ្តលក្រោមកម្មវិធី ITEC ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះ។ ពិធីនេះក៏មានការចូលរួមពី ភ្ញៀវកិត្តិយស រួមមាន ឯកឧត្តម ស្រ៊ី ថាមរុង្គ ទេសរដ្ឋមន្ត្រី លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងជាទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាន សមាគមអតីតនិស្សិតកម្ពុជា-ឥណ្ឌា ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជានិងរួមជាមួយនឹងអតីតអ្នកចូលរួម វគ្គបណ្តុះបណ្តាលខ្លីនិស្សិតជាង ១០០នាក់។

ក្នុងសុន្ទរកថាស្វាគមន៍ ឯកអគ្គរដ្ឋទូត Vanlalvawna Bawitlung បានគូសបញ្ជាក់ថា កម្មវិធី ITEC ជាវេទិកាពង្រឹងសមត្ថភាពរបស់ក្រសួងកិច្ចការបរទេសរដ្ឋាភិបាលឥណ្ឌា និងជាក្របខ័ណ្ឌស្ថាប័ន ដ៏ចំណាស់បំផុតមួយសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។ លោកបានមានប្រសាសន៍អំពីទស្សនវិជ្ជារបស់កម្មវិធី ITEC គឺថា “Vasudhaiva Kutumbakam” ដែលជាជំនឿជឿជាក់ថា ពិភពលោកគឺជាគ្រួសារមួយ។ លោកបានកត់សម្គាល់ថា កម្មវិធី ITEC ផ្តល់ឱកាសបណ្តុះបណ្តាល ដោយផ្ទាល់ ដែលផ្តល់ការឧប្បត្ថម្ភលេញសម្រាប់ អ្នកចូលរួមជាង១២០០០នាក់ ជារៀងរាល់ឆ្នាំ តាមរយៈ វគ្គបណ្តុះបណ្តាលជាង៣០០ ដែលធ្វើឡើងដោយស្ថាប័នធំៗជាង១២០ នៅក្នុងប្រទេសឥណ្ឌា។ រហូតមកដល់ពេលនេះ មន្ត្រីជាង២២៥,០០០នាក់មកពីជាង១៦០ប្រទេសត្រូវបានបណ្តុះបណ្តាលក្នុង វិស័យស៊ីវិល និងការពារជាតិ ក្រោមគំនិតផ្តួចផ្តើមនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត Vanlalvawna ក៏បានជម្រាបជូនអង្គពិធីអំពីកំណែទម្រង់ដ៏សំខាន់នាពេលថ្មី ៗនេះ ដោយប្រទេសឥណ្ឌា បានធ្វើការកែប្រែប្រព័ន្ធអត្រាពន្ធលើទំនិញ និងសេវាកម្ម (GST) របស់ខ្លួន ដែលត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ២០១៧។

លោកបាននិយាយថា ប្រព័ន្ធអត្រាពន្ធ GST ជំនាន់ក្រោយដែលជាចំណុចស្នូលសម្រាប់ ប្រជាពលរដ្ឋទូទៅគឺសំដៅលើការសម្រួល ដល់ការយកពន្ធ ដើម្បីជួយប្រជាពលរដ្ឋទូទៅ និងជំរុញកំណើនសេដ្ឋកិច្ច និងការវិនិយោគ។
ការកំណែទម្រង់ប្រព័ន្ធអត្រាពន្ធ GST នឹងនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធអត្រាសនិទានកម្ម និង បង្កើនភាពងាយស្រួលនៃការធ្វើអាជីវកម្ម។ ចំណុចសំខាន់នៃកំណែទម្រង់គឺការផ្លាស់ប្តូរពីប្រព័ន្ធដែលមាន ច្រើនកម្រិត ដែលមានរហូតដល់៥ ប្រព័ន្ធអត្រាពន្ធផ្សេងគ្នាទៅជា រចនាសម្ព័ន្ធពីរប្រភេទ ដែលមានភាពងាយស្រួលជាងមុនគឺ អត្រាពន្ធ ៥% និង ១៨% ជាមួយនឹងអត្រាពន្ធបន្ថែម ៤០% សម្រាប់ទំនិញប្រណីត និងទំនិញមួយចំនួនទៀតដូចស្រា និងបារីជាដើម។

លោកបានលើកទឹកចិត្តឱ្យអ្នកវិនិយោគនៅកម្ពុជាទាញយកអត្ថប្រយោជន៍ ពីកំណែទម្រង់ប្រព័ន្ធអត្រាពន្ធ GST នៅក្នុងប្រទេសឥណ្ឌា និងស្វែងរកឱកាសដើម្បីធ្វើការវិនិយោគពីធុរកិច្ចកម្ពុជា។
តាមរយៈកម្មវិធី ITEC ឥណ្ឌាផ្តល់ជំនួយបច្ចេកទេស និងវគ្គបណ្តុះបណ្តាលក្នុងវិស័យផ្សេងៗ រួមមាន IT ធនាគារ រដ្ឋបាល និង សវនកម្ម ក្នុងចំណោមផ្នែកផ្សេងៗទៀត។ កម្មវិធី បណ្តុះបណ្តាលនេះ ផ្តល់ជូនដល់ទាំងមន្រ្តីស៊ីវិល និងមន្ត្រី និងទាហានមកពីក្រសួងការពារជាតិ ហើយរដ្ឋាភិបាលឥណ្ឌា ជាអ្នកទទួលរាប់រងលើការចំណាយ ទាំងអស់ទាក់ទងនឹងថ្លៃសំបុត្រយន្តហោះអន្តរជាតិ ទៅវិញទៅមក និងកន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលត្រូវ បានជ្រើសរើស។ ចាប់តាំងពីការចាប់ផ្តើមកម្មវិធី ITEC មក នៅក្នុងប្រទេសកម្ពុជា មន្ត្រីកម្ពុជាប្រមាណជាង៣០០០នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ ក្រោម កម្មវិធី ITEC ។ កាលពីឆ្នាំមុន មន្ត្រីកម្ពុជាសរុបចំនួន២៩៤នាក់បានចូលរួមក្នុងកម្មវិធីនេះ។
ការបង្ហាញការចាប់អារម្មណ៍ និងការលើកទឹកចិត្តពីអតីតអ្នកចូលរួមវគ្គបណ្តុះបណ្តាលក្នុងកម្មវិធី ITEC លោកស្រី ឡាយ កណ្ណិកា អគ្គនាយករង នៃក្រសួងទេសចរណ៍។ លោកស្រី បានចែករំលែកអំពី ដំណើរការ និងបទពិសោធផ្ទាល់ខ្លួនរបស់លោកស្រី និងឥទ្ធិពលជាវិជ្ជមានដែលកម្មវិធីវគ្គបណ្តុះបណ្តាល ដែលមានលើអាជីពរបស់ពួកគេ។
កម្មពិធីនេះក៏មានការសម្តែងរបាំវប្បធម៌ឥណ្ឌាដ៏រស់រវើក ដោយផ្តល់ជូនអ្នកចូលរួមនូវរសជាតិ នៃបេតិកភណ្ឌដ៏សម្បូរបែប របស់ប្រទេសឥណ្ឌា។ ការប្រារព្ធពិធីនេះមិនមែនគ្រាន់តែជា ព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ តែវាជាសក្ខីភាពនៃចំណងមិត្តភាពដែល ស្ថិតស្ថេររវាងឥណ្ឌា និងកម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងភ្នំពេញ





