កិច្ចប្រជុំយន្តការត្រីភាគីលើកទី២ ដើម្បីរួមគ្នាជំរុញកំណើនទេសចរចិន និងការតភ្ជាប់ផ្លូវអាកាសបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥-- ដើម្បីរួមគ្នាជំរុញកំណើនទេសចរចិន និងការតភ្ជាប់ផ្លូវអាកាសមកកាន់កម្ពុជាបន្ថែមទៀត កិច្ចប្រជុំយន្តការត្រីភាគីលើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗ និងនាំមុខ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធអនឡាញ ក្រោមការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Li Chuan អនុប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្ត ជាំងស៊ូ លោក Gou Kaibo អនុប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន និងបណ្តាផ្នែកពាក់ព័ន្ធមួយចំនួនទៀត ដោយបានពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់យ៉ាងស៊ីជម្រៅលើការអភិវឌ្ឍវិស័យទេសចរណ៍។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហួត ហាក់ បានស្នើឯកអគ្គរដ្ឋទូតចិន មន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ និងខេត្តយូណាន ក៏ដូចជាវិស័យឯកជនចិនជួយជំរុញដល់ការទាក់ទាញ និងនាំយកនូវក្រុមហ៊ុនអាកាសចរណ៍ក្នុងខេត្តរបស់ខ្លួន ក៏ដូចជាខេត្តផ្សេងៗទៀតក្នុងប្រទេសចិនធ្វើការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសកម្ពុជាដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីជំរុញការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្វាគមន៍វិស័យឯកជនចិនដែលមានវត្តមាន និងស្នើជួយកៀរគរដៃគូ ឬបុត្រសម្ព័ន្ធរបស់ខ្លួន មកវិនិយោគនៅប្រទេសកម្ពុជាក្នុងវិស័យទេសចរណ៍ និងវិស័យសក្តានុពលដទៃទៀត ដោយពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវការលើកទឹកចិត្ត និងអាទិភាពបង្កបរិយាកាសអំណោយផលជាច្រើនដល់វិនិយោគិនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា។

បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យរៀបចំផែនការសកម្មភាព និងអនុវត្តជាក់ស្តែងជំរុញកិច្ចប្រតិបត្តិការជាក់ស្តែង និងសកម្មលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកន្លងមក ក៏ដូចជាការរៀបចំ Famtrip និងការថតភាពយន្តទេសចរណ៍ (Film Tourism) រវាងកម្ពុជា-ចិនឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។
ជាការឆ្លើយតប រាល់ភាគីដែលបានចូលរួមបានឯកភាពអនុវត្តឱ្យបានជាក់ស្តែង និងសកម្មលើចំណុចដែលបានពិភាក្សាក្នុងកិច្ចប្រជុំដែលផ្តោតលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗ និងមានលក្ខណៈទាក់ទាញ ការសម្របសម្រួលការធ្វើដំណើរទៅមករវាងប្រជាជនទាំងពីរឱ្យបានងាយស្រួល និងការតភ្ជាប់ផ្លូវអាកាសឱ្យកាន់តែច្រើនគោលដៅ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា-ចិនឱ្យកាន់ តែទូលំទូលាយ ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងអន្តរជាតិមកទេសចរប្រទេសទាំងពីរឱ្យកាន់ តែច្រើនបន្ថែមទៀត៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





