ប្រាសាទជម គ្រោងនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៥នេះ
AKP សៀមរាប ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥--ប្រាសាទជមស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូរនៃអតីតក្រុងអង្គរធំ។ ប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំងដោយសាអាយុកាល និងកត្តាធម្មជាតិ ហើយការជួសជុលប្រាសាទនេះបានចាប់ដំណើរការតាំងពីឆ្នាំ២០១៩មកដោយមានការចូលរួមសហការគ្នាពីអ្នកជំនាញកូរ៉េ និងខ្មែរជាច្រើននាក់ មានទាំងស្ថាបត្យករ បុរាណវិទ្យា និងជំនាញខាងជួសជុល ដែលគេគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែធ្នូឆ្នាំ២០២៥ខាងមុខនេះ។

លោក Eo Jinkyu ស្ថាបត្យករកូរេ និងជាប្រធានគម្រោងនៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ថា ប្រាសាទជមមានភាពទ្រុឌទ្រោមខ្លាំងមុនពេលជួសជុល ដូច្នេះអ្នកជំនាញបានសម្រេចរើតួប្រាសាទនេះទាំងមូល ដើម្បីរៀបចំគ្រឹះ និងពង្រឹងតួប្រាសាទឡើងវិញជាដំណាក់ៗ ដោយលោកបានបញ្ជាក់ថា បន្ទាប់ពីរើតួប្រាសាទ គេបានរកឃើញថា គ្រឹះរបស់ប្រាសាទនេះមានបញ្ហាខូចខាតខ្លាំង ថ្មមួយចំនួនមានភាពពុកផុយ។ ដូច្នេះការជួសជុល ត្រូវជំនួសថ្មថ្មីខ្លះដែលគោរពទៅតាមធម្មនុញ្ញអង្គរដើម្បីធានានៃភាពរឹងមាំទៅអនាគត។ ហើយក្រៅពីនេះក្រុមអ្នកជំនាញក៏បានពង្រឹង និងបន្ថែមថ្មនៅតាមស្រទាប់ខ្លះដែលបាត់ថ្ម ឬពុកផុយដោយសារអាយុកាលផងដែរ។

លោក Park SungChul អ្នកស្រាវជ្រាវនៃទីភ្នាក់ងារបេតិកភណ្ឌនិងវប្បធម៌កូរ៉េ បាន អរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមនិងអ្នកជំនាញខ្មែរ និងកម្មករជួសជុលទាំងអស់ ដែលចូលរួមជួយឱ្យគម្រោងនេះ សម្រេចលទ្ធផលគួរជាទីមោទន និងធ្វើឱ្យប្រាសាទជម ឈររឹងមាំនិងស្រស់ស្អាតឡើងវិញ។

ចំណែកឯលោក ថៃ យ៉ាម៉ង់ ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរាដែលបានចូលរួមក្នុងគំរោងនេះដែរបានឱ្យដឹងថា ក្រុមអ្នកជំនាញខ្មែរបានចូលរួមក្នុងការធ្វើសម្រង់ប្លង់មុននិងក្រោយជួសជុល បានស្វែងរកថ្មដែលបាត់ឬជ្រុះរាយប៉ាយមកផ្គុំឡើងវិញបានជាង២០០ដុំរួចហើយ និងបន្តព្យាយាមរកថ្មនិងផ្គុំនៅកន្លែងដែលបាត់នោះឡើងវិញ។

ក្នុងនាមពលរដ្ឋខ្មែរ និងជាអ្នកជួសជុលមួយរូប លោក យ៉ាម៉ង់ ពិតជាមានមោទនភាពណាស់ ដែលបានរួមចំណែកជួយឱ្យប្រាសាទជម ដែលជាប្រាសាទមានសំណង់ស្ថាបត្យកម្មដ៏លេចធ្លោមួយ បានឈររឹងមាំឡើងវិញ។ លោកក៏រំពឹងថា ពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរ នឹងចូលទស្សនា ស្វែងយល់ពីប្រាសាទជម បន្ទាប់ពីដាក់សម្ពោធជាផ្លូវការផងដែរ៕
ដោយ ហង្ស សៀក





