ពិធីបើកការប្រកួតជជែកដេញដោលយុវជនខេត្តកំពង់ធំឆ្នាំ២០២៥វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
AKP កំពង់ធំ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥-- លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីជជែកដេញដោលយុវជនខេត្តកំពង់ធំ ឆ្នាំ២០២៥វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមប្រធានបទ"ការផ្តល់សិទ្ធិអំណាចដល់យុវជនគឺជាយុទ្ធសាស្រ្តគន្លឹះដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងសហគមន៍"កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសំបូរព្រៃគុកនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក អ៉ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានលើកឡើងពីវឌ្ឍនភាពការងារជជែកដេញដោលរដូវកាលទី២ដំណើរការនៃការរៀបចំគឺ បានរៀបចំលិខិតផ្សព្វផ្សាយដល់គ្រឹះស្ថានរដ្ឋ ឯកជន និងស្ថាប័នពាក់ព័ន្ធទូទាំងខេត្ត។ ធ្វើបទបង្ហាញសេចក្តីណែនាំ ដល់ថ្នាក់ដឹកនាំនិងគ្រូទទួលបន្ទុក។ ប្រជុំផ្សព្វផ្សាយលើកទី៣តាមអនឡាញអំពីផែនការសកម្មភាពកម្មវិធីជជែកដេញដោលថ្នាក់ខេត្ត។ រៀបចំលិខិតបង្គាប់ការ គណៈកម្មការជជែកដេញដោលថ្នាក់ខេត្ត។ ទទួលពាក្យចូលរួមប្រកួតចំនួន១៦ក្រុម ដែលមានគ្រឹះស្ថានរដ្ឋ ចំនួន១៣ក្រុម និងឯកជន៣ក្រុម។ រហូតដល់ពាក់កណ្ដាលផ្ដាច់ព្រាត់នេះ ដែលជាវគ្គជម្រុះជុំទី៣ ក្នុងនោះមានសមាសភាព៤ក្រុម មាន២ប្រធានបទប្រធានបទទី១.វិស័យទេសចរណ៍និងប្រធានបទទី២.ការស្ម័គ្រចិត្ត។

លោក ជា វ៉ាន់ចាន់ បានគូសបញ្ជាក់ថា ការជជែកដេញដោលគឺដើម្បីឱ្យសកម្មភាពយុវជនឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១នីតិកាលទី៧នៃរដ្ឋសភាជាតិ ដែលមុំទី១ផ្តោតលើការអភិវឌ្ឍធនធានមនុស្សនិងមុំទី៥ផ្តោតលើការលើកកម្ពស់ វិទ្យាសាស្ត្របច្ចេកវិទ្យាឌីជីថល។ ដើម្បីបង្កើតឱកាសឱ្យយុវជនធ្វើការសិក្សារៀនសូត្រពីបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសប្បនិមិត្ត(AI) ព្រមទាំងជំរុញឱ្យយុវជនប្រើប្រាស់ឌីជីថលក៏ដូចជាការពង្រឹងសមត្ថភាពភាសាបរទេសនៅតាមគ្រឹះស្ថានសិក្សារដ្ឋនិងមជ្ឈមណ្ឌលបច្ចេកវិទ្យាដែលជាកម្មវិធីសិក្សាមានភាពនិយមស្របតាមចំណងចំណូលចិត្តរបស់យុវជនសម័យទំនើបឆ្លើយតបទៅនឹងគោលដៅពង្រឹងបំណិននៅសតវត្សរ៍ទី២១នេះក្នុងការសម្រេចបានគោលដៅអភិវឌ្ឍប្រកដោយចីរភាពឆ្នាំ២០៣០និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថា ពិធីជជែកដេញដោលយុវជនជាកម្មវីធីមួយដែលផ្តល់ឱកាសសម្រាប់យុវជនក្លាយជាពលរដ្ឋសកលតាមរយៈការប្រើប្រាស់វប្បធ៌មក្នុងការនិយាយការងារស្ម័គ្រចិត្តការដោះស្រាយបញ្ហាបណ្តុះបណ្តាលយុវជនឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោល។ បណ្តុះសមត្ថភាពយុវជនក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលពួកគេជួបប្រទះតាមរយៈការសន្ទនា។ កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហានចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃក្នុង ការបញ្ចេញមតិ ដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម។ ពង្រឹងជំនាញនៃការត្រិះរិះពិចារណាការសិក្សាស្រាវជ្រាវការចែករំលែកគំនិតការទាក់ទាញការគាំទ្រ ជំនាញក្នុងការនិយាយសាធារណៈជាដើម។ ផ្តល់ឱកាសឱ្យយុវជនពិចារណាបញ្ចេញគំនិតយោបល់បង្ហាញសមត្ថភាពនិងទេពកោសល្យជាសាធារណៈក្នុងការជជែកដេញដោលក្នុងសមរភូមិគំនិតនៃសង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា។បង្កើនបណ្តាញទំនាក់ទំនងភាពស្និតស្នាលរវាងយុវជន និងយុវជនដើម្បីផ្លាស់ប្តូរបទពិសោធគ្នាក្នុងតម្លៃជាមិត្តភាព។ ពង្រីកធនធានយុវជនដើម្បីអាចអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សសម្រាប់ជាតិកម្ពុជា។

សូមជម្រាបថា ក្រុមជជែកដេញដោលមាន៤ក្រុមគឺវិទ្យាល័យតាំងក្រសាំង ជជែកដេញដោលជាមួយវិទ្យាល័យជាស៊ីមកំពង់ថ្ម ប្រធានបទទី១.ការផ្ដល់សិទ្ធិអំណាចដល់យុវជន គឺជាយុទ្ធសាស្ត្រគន្លឹះដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងសហគមន៍។ ចំណែកឯវិទ្យាល័យស្ទឹងសែន ជជែកដេញដោលជាមួយ វិទ្យាល័យហ៊ុនសែនស្រះបន្ទាយ ប្រធានបទទី២.ការចូលរួមការងារស្ម័គ្រចិត្តរបស់យុវជនគឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងយុគ្គសម័យឌីជីថល។ ក្រោយពីជជែកដេញដោលចប់សព្វគ្រប់រួចមក វិទ្យាល័យដែលត្រូវប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ គឺវិទ្យាល័យស្ទឹងសែនក្រុមបដិសេធ ជជែកដេញដោលជាមួយវិទ្យាល័យជា ស៉ឹមកំពង់ថ្មក្រុមស្របក្រោមប្រធានបទ"ការអប់រំសីលធម៌និងចរិយាធម៌ដល់យុវជនតាមរយៈព្រះពុទ្ធសាសនា ជាយន្តការគន្លឹះធ្វើឱ្យសង្គមពោរពេញទៅដោយសុខសន្តិភាព"៕
ដោយ ស៊ុម វណ្ណា





