លោក ហាន កុសល ផ្ដល់គន្លឹះ៥ចំណុចដែលអាចធ្វើឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ធំមានការរីកចម្រើន
AKP កំពង់ធំ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥-- លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំបានផ្ដល់គន្លឹះ៥ចំណុចដែលអាចធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំមានការរីកចម្រើនក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(Hoka)លើជំនាញការិយាល័យជួលមុខ គេហកិច្ចសេវាកម្មម្ហូបអាហារនិងភេសជ្ជៈនិងជំនាញចុងភៅរបស់សហគមន៍ទេសចរណ៍កម្ពុជា(CATA)សម្រាប់ក្រុងស្ទឹងសែនខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នៅសាលប្រជុំខេត្តកំពង់ធំដែលមានសិក្ខាកាមចូលរួមសិក្សាចំនួន១៦០នាក់។

លោក ហាន កុសល បានបញ្ជាក់ថា ដើម្បីឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ធំ អាចដំណើរការរីកចម្រើនលូតលាស់ទៅបានលុះត្រាតែ អនុវត្តទៅតាមគន្លឹះចំនួន៥ចំណុច ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា÷ ១. សន្តិភាពត្រូវមានសន្តិភាពទាំងក្នុងស្រុកនិងសន្តិភាពជាមួយប្រទេសជិតខាង។ ២. សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណះត្រូវមានសុវត្ថិភាពនិងសន្តិសុខចំពោះភ្ញៀវទេសចរ។ ៣. ផាសុកភាព (ភាពសុខស្រួល ភាពសុខដុមរមនានិងក្តីសុខរបស់ភ្ញៀវ)។ ៤. សុខុមាលភាពគឺភាពងាយស្រួល របស់ភ្ញៀវទេសចរក្នុងការធ្វើដំណើរនៅក្នុងតំបន់ទេសចរណ៍។ ៥. សុខភាពគឺចំណីអាហារដែលមិនបង្កបញ្ហាដល់សុខភាពភ្ញៀវទេសចរ និងការចាប់ដៃគូរជាមួយមន្ទីរពេទ្យដើម្បីងាយស្រួលក្នុងការសង្គ្រោះភ្ញៀវពេលមានបញ្ហាសុខភាព។

លោក ហាន កុសល បានបញ្ជាក់បន្ថែមថាការបង្កើតផលិតផលអ្វីមួយក្នុងវិស័យទេសចរណ៍ គឺមិនត្រូវរង់ចាំគេមកទិញប្រើប្រាស់នោះទេគឺយើងត្រូវតែរិះរកមធ្យោបាយផ្សព្វផ្សាយនឹងធ្វើយ៉ាងណា ដើម្បីឱ្យគេមកទិញផលិតផលរបស់យើងយកទៅប្រើប្រាស់ ហើយការអភិវឌ្ឍន៍និងការច្នៃប្រឌិតគឺជាកត្តាចាំបាច់ណាស់នៅក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងតំបន់។

លោកបានផ្ដាំផ្ញើទៅដល់សិក្ខាកាមទាំងអស់ថា ទម្លាប់ក្នុងការចែករំលែក ការថតហើយបង្ហោះរូបភាពនិងវីដេអូ ចូលទៅក្នុងបណ្ដាញសង្គម ដែលរូបភាព និងវីដេអូទាំងនោះមិនបម្រើឱ្យការរីកចម្រើនដូចជាការបង្ហាញពីការឈ្លោះទាស់ទែងគ្នា គ្រោះថ្នាក់ចរាចរណ៍ អសន្តិសុខមួយចំនួន ការកេងប្រវ័ញ្ចផ្សេងៗ នាំឱ្យមានផលប៉ះពាល់ទៅដល់វិស័យទេសចរណ៍។ ដូច្នេះសូមប្អូនៗទាំងអស់គ្នា កាត់បន្ថយ ឬបញ្ឈប់នូវទង្វើទាំងអស់នេះទើបជាការរួមចំណែកក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានការរីកចម្រើនទៅមុខបាន៕

ដោយ ស៊ុម វណ្ណា





