ឯកឧត្តម គួច ចំរើន កោតសរសើរដល់អាជីវករលក់ដូរនៅច្រាំងស្ទឹងព្រែកត្នោត ដែលសហការយ៉ាងល្អជាមួយអាជ្ញាធរក្រុងតាខ្មៅ ដើម្បីកែលម្អច្រាំងស្ទឹងព្រែកត្នោត
AKP កណ្តាល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥--ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរដល់អាជីវករលក់ដូរនៅច្រាំងស្ទឹងព្រែកត្នោត ដែលសហការយ៉ាងល្អជាមួយអាជ្ញាធរក្រុងតាខ្មៅ ដើម្បីកែលម្អច្រាំងស្ទឹងព្រែកត្នោត។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាក្រុងតាខ្មៅ ឯកឧត្តមអភិបាលខេត្តបានបន្តថា គម្រោងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូង ដើម្បីធ្វើឱ្យប្រសើរឡើង ប្រកបដោយភាពទាន់សម័យ មានសោភ័ណភាព បរិស្ថានស្អាត រៀបចំរបៀបរៀបរយឱ្យបានល្អប្រសើរជាងមុន និងរួមចំណែកអភិវឌ្ឍន៍ក្រុងតាខ្មៅ ឱ្យមានភាពស៊ីវិល័យ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ទើបនឹងបើកឱ្យដំណើរការនាពេលថ្មីៗនេះ។

ឯកឧត្តមក៏បានឱ្យដឹងដែរថា អាជីវករទាំង ២២តូប ដែលបានចូលរួមរុះរើ ទៅទីតាំងបណ្ដោះអាសន្ន ក្នុងការចូលរួមកែលម្អច្រាំងស្ទឹងព្រែកត្នោតបែកខាងត្បូងនេះ នៅពេលដែលច្រាំងស្ទឹងកែលម្អរួចហើយ ក៏បានត្រៀមរៀបចំតូបសម្រាប់ពួកគាត់ទាំង២២ផងដែរ ដើម្បីឱ្យពួកគាត់បន្តប្រកបរបរលក់ដូរ ចិញ្ចឹមជីវិត នៅទីតាំងច្រាំងស្ទឹងនេះបន្តទៀត៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





