អភិបាលខេត្តតាកែវចុះសួសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៣១គ្រួសារ
AKP ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥--ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចុះសួសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៣១គ្រួសារនៅស្រុកកោះអណ្តែតខេត្ត តាកែវ កាលពីនៅរសៀល ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥ នៅស្រុកកោះអណ្ដែតខេត្តតាកែវ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ។

អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមជាមួយលោកអនុប្រធានសមាជិកសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងបងប្អូនប្រជាពលរដ្ឋរងគ្រោះចំនួន៣១គ្រួសារចូលរួមផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានបញ្ជាក់ថា អំណោយទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ពី កាកបាទក្រហមកម្ពុជា ដែលតែងតែមានវត្តមានទាន់ពេលវេលា។ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកដោយមិនប្រកាន់ឬការរើសអើងអ្វីឡើយ។ការផ្ដល់ជំនួយនេះ គឺធ្វើឡើងដោយស្មារតីមនុស្សធម៌សុទ្ធសាធ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ និន្នាការនយោបាយ ឬថាជាគ្នាគេឬគ្នាឯងនោះទេ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ម្យ៉ាងទៀតរាជរដ្ឋាភិបាលកម្ពុជា ក៏បានគិតគូរចំពោះសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឲ្យបងប្អូនខ្វះខាតឬជួបការលំបាកលើជីវភាព កាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះទេ។ដោយធ្វើយ៉ាងណាឲ្យបងប្អូន មានជីវភាពរស់នៅបានសមរម្យគ្រប់គ្រាន់។

ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង បានមានប្រសាសន៍បន្ថែមថា បើទោះបីអំណោយទាំងនេះមិនច្រើន ប៉ុន្តែវាជាការរួមចំណែកដ៏មានតម្លៃក្នុងការជួយសម្រាលបន្ទុក និងដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះបានមួយរយៈពេលដែរ។ ការចុះសួរសុខទុក្ខនិងចែកអំណោយនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់។
អំណោយដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង៣១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី៣ដបទឹកស៊ីអ៊ីវ៣ដប ប្រេងឆា១ដប កន្ទេល១ ភួយ ១ តង់១ សារុង១ ក្រមា១ និងថវិកាចំនួន២ម៉ឺនរៀល។ដោយឡែកសម្រាប់គ្រួសារទាំង៦ ដែលរងគ្រោះរលំផ្ទះទាំងស្រុង ទទួលបានអំណោយបន្ថែមទៀតរួមមាន៖តង់ធំ១ និងថវិកាចំនួន២០ម៉ីនរៀលក្នុង១គ្រួសារផងដែរ ៕
ដោយ៖ អ៊ុច សៀង





