វិស័យដឹកជញ្ជូននៅខេត្តព្រះសីហនុ មានសារសំខាន់ណាស់
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ណុប ហេង សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ជាអតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មានប្រសាសន៍លើកឡើងថា វិស័យដឹកជញ្ជូននៅខេត្តព្រះសីហនុ មានសារសំខាន់ណាស់ យើងបានរួមគ្នាសហការបម្រើការងារសាធារណ ការមានអភិវឌ្ឍរីកចម្រើន ព្រោះមន្ទីរសាធារណការជាសេនាធិការឱ្យរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងបានធ្វើការផ្តាំផ្ញើបងប្អូននិវត្តន៍ជនទាំងអស់ត្រូវថែទាំសុខភាព ហាត់ប្រាណឱ្យបានជាប់ជាប្រចាំ ការហូបចុកក៏ជារឿងមួយសំខាន់ផងដែរ។

ជាមួយគ្នានេះដែរ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានថ្លែងថា វិស័យសាធារណការ និងដឹកជញ្ជូននៅខេត្តព្រះសីហនុ មានផ្លូវជាតិចំនួន ៤ខ្សែ សរុបប្រវែងសរុប ១៦១.០៩គ.ម ក្នុងនោះមានផ្លូវជាតិលេខ៣ លេខ៤ លេខ៤៥ លេខ៤៧។ ចំណែកផ្លូវក្នុងក្រុងមានប្រវែងសរុប ៥៤៤,៦៨៨ម៉ែត្រ ដែលមានផ្លូវសរុបចំនួន ២ ១០៩ខ្សែ។ ផ្លូវខេត្តមានចំនួន ១០ខ្សែ ប្រវែងសរុប ១៩៥,៣៣០គីឡូម៉ែត្រ មានផ្លូវលេខ១៤៤ ផ្លូវលេខ ១៤៤A លេខ១៤៦ លេខ១៤៦A លេខ១៤៦B លេខ១៤៦C លេខ១៤៨ លេខ១៤៩ លេខ១៤៩E លេខ១៤៦A-1។ ផ្លូវសមុទ្រ មានកំពង់ផែមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ (កំពង់ផែទំបន់រលក) កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង។


លោកប្រធានមន្ទីរសាធារណការ បានបន្តថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីបង្កើនភាពស្និតស្នាលរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឪវាទ ក៏ដូចជាថ្នាក់ដឹកនាំ មន្រ្តីចូលនិវត្តន៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនក្នុងឪកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ យើងត្រូវដឹងគុណមន្ត្រីចាស់ៗចូលនិវត្តន៍ ព្រោះពួកគាត់បានខិតខំលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតីក្នុងការជំនះគ្រប់បែបយ៉ាងរហូតមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ទន្ទឹមនោះ លោកក៏បានធ្វើការផ្តាំផ្ញើដល់មន្រ្តីទាំងអស់សូមធ្វើដំណើប្រកបដោយសុវត្ថិ ភាពគ្រប់ក្រុមគ្រួសារ និងចូលរួមគោរពច្បាប់ចរាចរណ៍ឪ្យបានគ្រប់ៗគ្នា។


នារសៀលថ្ងៃចន្ទទី១៥ ខែកញ្ញា ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា អតីតថ្នាក់ដឹកនាំ មន្ត្រីចូលនិវត្តន៍ និងកម្មករ ក្រោមអធិបតីភាពឯកឧត្តម ណុប ហេង សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ជាអតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ និងលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការចំនួន ៧៩នាក់ មន្ត្រីកិច្ចសន្យា ១៧នាក់ និងមន្ត្រីចូលនិវត្តន៍ចំនួន ២៩នាក់៕
ដោយ ងូ សុមុនី





