រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទន៍ ប្ដេជ្ញាបង្កើនវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌ សម្រាប់ផលប្រយោជន៍ភាគីទាំងពីរឱ្យកាន់តែល្អឡើងថែមទៀត
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥-- រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទន៍ បានប្ដេជ្ញាបង្កើនវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌ សម្រាប់ផលប្រយោជន៍ភាគីទាំងពីរឱ្យកាន់តែល្អឡើងថែមទៀត។ ការប្ដេជ្ញារបែបនេះរវាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀងចន្ទន៍ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រាងស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីវៀងចន្ទន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសាលារាជធានីភ្នំពេញនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរនៃ ប្រទេសទាំងពីរ កម្ពុជា និងឡាវឱ្យកាន់តែមានភាពរឹងមាំល្អប្រសើរមួយកម្រិតថែមទៀត ពិសេសជំរុញ វិស័យពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ ឱ្យកាន់តែល្អឡើងថែមទៀត។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ នៅពេលចុងក្រោយ កម្ពុជាបានកសាងនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងនោះមានដូចជាការស្ថាបនា ព្រែកជីកហ្វូណនតេជោ ការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ការស្តារទន្លេ ការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានដាក់ឱ្យដំណើរការ កាលពីប៉ុន្មានថ្ងៃកន្លងមក។ រាជធានីភ្នំពេញបានទទួលភ្ញៀវទេសចរប្រមាណ១០លាននាក់នៅក្នុងឆ្នាំ២០២៤ ដែលនេះពិតជាបានបង្ហាញឱ្យឃើញពីការកើន ឡើងភ្ញៀវទេសចរបើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣។ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍កាន់តែកើនឡើងបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ។ ផ្លូវថ្មើរជើងថ្មីនេះបានទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងមួយថ្ងៃប្រមាណ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ ចំណាត់ ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។

ឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀងចន្ទន៍ បានបញ្ជាក់ថា រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនល្អណាស់ ហើយនៅតាមបណ្ដាខេត្តក៏មានការរីកចម្រើនព្រមៗគ្នាផងដែរ។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឡាវគឺកាន់តែមានភាពល្អប្រសើរ ដោយថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជាបានធ្វើទស្សនកិច្ចនៅប្រទេសឡាវ ហើយរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសឡាវក៏បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។ នេះជាការពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំងពីរំ្យកាន់តែល្អប្រសើរ និងកាន់តែមានភាពរឹងមាំបន្ថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានអញ្ជើញ ឯកឧត្ដម ឃួង ស្រេង ទៅបំពេញទស្សនកិច្ចនៅទីក្រុងវៀងចន្ទន៍ផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា តបតាមការអញ្ជើញនេះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា នឹងពិនិត្យលទ្ធភាពទៅបំពេញទស្សនៈកិច្ចនៅទីក្រុងវៀងច័ន្ទនៅពេលវេលាណាមួយសមស្របខាងមុខ នេះ។


សូមបញ្ជាក់ថា រាជធានីភ្នំពេញ និងទីក្រុងវៀងច័ន្ទ ធ្លាប់បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាម្តងរួចមក ហេីយ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងមក។ ការចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពឡើងវិញនៅថ្ងៃនេះធើ្វឡេីងក្រោយទទួលបានគោលការណ៍ ឯកភាពពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ តាមរយៈការស្នើសុំរបស់រដ្ឋបាល រាជធានីភ្នំពេញដេីម្បីឆ្លើយតបនឹងភាពរីកចម្រើន និងការអភិវឌ្ឍគ្រប់វិស័យ របស់រាជធានីភ្នំពេញនិងទីក្រុងវៀងចន្ទ័នាពេលបច្ចុប្បន្ននេះ។ អ្វីដែលត្រូវកក់សម្គាល់រួមមាន ៖ ១.កិច្ចព្រមព្រៀងកន្លងមក គឺដេីម្បីផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់របស់ភាគីទាំង២ តែពេលនេះការ ផ្លាស់ប្តូរគណៈប្រតិភូនឹងធ្វើឡើងគ្រប់កម្រិតទាំង គណៈប្រតិភូជាន់ខ្ពស់មន្រ្ដីជំនាញ និងប្រតិភូគ្រប់វិស័យ ។ ២.ភាគីទាំងពីរនឹងសហការរួមគ្នាលើផ្នែកការផ្លាស់ប្ដូរ ប្រជាជននិងប្រជាជនការផ្លាស់ប្ដូរព័ត៌មាន ដូចជា៖ ទីក្រុងវៃឆ្លាត ចំណេះដឹង ឌីជីថល និងកិច្ចប្រជុំ បណ្តាញ នានា។ ៣.ភាគីទាំងពីរនឹងផ្តល់ការគាំទ្រ និងសម្របសម្រួលដល់មន្ទីរ អង្គភាពពាក់ព័ន្ធនៃរដ្ឋធានីវៀងចន្ទ និង រាជធានីភ្នំពេញ ព្រមទាំងជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ។ ៤.ប្រសិនបើមានភាពខុសគ្នាកើតឡើងក្នុងការបកស្រាយ ឬអនុវត្តកិច្ចព្រមព្រៀងនេះ ត្រូវដោះស្រាយ ដោយមិត្តភាព តាមរយៈការពិគ្រោះយោបល់រវាងភាគីទាំងពីរ។ ៥.រាល់អត្ថបទទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីកិច្ចព្រម ព្រៀងនេះ ត្រូវទុកជានិរាករណ៍ ដោយស្ថិត ករោមច្បាប់គ្រប់គ្រង និងបទប្បញ្ញត្តិនៃប្រទេសទាំងពីរ៕

ដោយ សួស សំរិត





