រដ្ឋបាលខេត្តកណ្ដាលបើកសិក្ខាសាលាពិភាក្សាអំពីបរិស្ថាន
AKP កណ្តាល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥--
ក្នុងសិក្ខាសាលាពិភាក្សាអំពីបរិស្ថាន ក្រោមប្រធានបទ ការជំរុញចលនាសម្អាតបរិស្ថានប្រកបដោយនិរន្តរភាព នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ និងជាពេលវេលាសមស្រប ដែលក្រសួងបរិស្ថានបានចុះបើកវគ្គបណ្តុះបណ្តាល ពង្រឹងការងារដល់ក្រុមប្រឹក្សាឃុំ ព្រមទាំងបានជួយលើកទឹកចិត្តដល់ថ្នាក់ក្រោមជាតិ ឱ្យយល់ដឹង និងយកចិត្តទុកដាក់លើវិស័យបរិស្ថានបន្ថែមទៀត។

លោកអភិបាលរងបានបន្ថែមថា រដ្ឋបាលខេត្តកណ្តាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស និងព្រះសង្ឃ បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក ទេ « កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» ដើម្បី “ភាពស្អាតលើដី" នៅក្នុងភូមិសាស្ត្រខេត្តទាំងមូល។ ជាក់ស្តែង ការអនុវត្តយុទ្ធនាការខាងលើនៅតាមសាលារៀន និងនៅតាមទីតាំងផ្សេងៗ សរុបមក ដល់ពេលនេះមានចំនួន ៦ ៩១៦លើក សាលារៀនទាំងអស់គ្រប់កម្រិតសិក្សាបានចូលរួមក្នុងយុទ្ធនាការ ១០០ភាគ និងមានការចូលរួមពីសិស្សានុសិស្ស ២ ២៨៨ ៦០៦ នាក់ លោកគ្រូ អ្នកគ្រូ ៧៣ ៤៥៧ នាក់ ព្រះសង្ឃ ៨២៩ អង្គ ប្រជាពលរដ្ឋ/និយោជិក ១៩២ ០៨០ នាក់ និងមន្ត្រីរាជការ អាជ្ញាធរ ១៣ ៤៤១ នាក់ សរុបរួមមានចំនួន ២ ៥៦៨ ៤១៣ អង្គ នាក់។

លោកបានគូសបញ្ជាក់ថា ដោយឡែកការអនុវត្តយុទ្ធនាការ «ពន្លកបៃតង» ចាប់ពីដើមឆ្នាំ២០២៤ មកដល់ពេលនេះ មន្ទីរបរិស្ថានខេត្តកណ្តាល បានបណ្តុះកូនឈើចម្រុះប្រភេទសរុប ចំនួន ៥៤.៨២៥ ដើម និងបានប្រគេនចែកជូនកូនឈើដល់ព្រះសង្ឃ សាធារណៈជន យកទៅដាំនៅទីអារាម ទីសាធារណៈ និងដីឯកជន បានចំនួន ៣៥ ០៦៨ ដើម។

លោក គ្រុយ ម៉ាឡែន មានជំនឿជឿជាក់ និងក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ ពិសេសលោក លោកស្រី ក្រុមប្រឹក្សាឃុំ យកចិត្តទុកដាក់ស្តាប់ ដើម្បីទទួលបានចំណេះដឹង យកទៅអនុវត្តក្នុងផែនការអភិវឌ្ឍន៍ ឃុំ-សង្កាត់របស់ខ្លួន ក្នុងបុព្វហេតុ បរិស្ថាន ពោលគឺរួមគ្នាកសាងសង្គមកម្ពុជា មួយប្រកបដោយភាពស្អាត ភាពបៃតង និងចីរភាព តាមរយៈការលើកកម្ពស់ និងបញ្ជាបយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ទៅក្នុងសកម្មភាពការងារក្នុងអង្គភាពរៀងៗខ្លួន៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





