មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកោតសសើរយោធិនពិការ ទោះបីខ្លួនពិការនៅតែមានមនសិការស្នេហាជាតិខ្ពស់
AKP សៀមរាប ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥--
គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់បងប្អូនយោធិនពិការចំនួន២៨៧គ្រួសារ ដែលកំពុងរស់នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន យោធិនពិការ និងគ្រួសារកងទ័ពគ្រប់រូប។ រាល់ការចុះសួរសុខទុក្ខនេះ គឺជាការបង្ហាញពីការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យោធិនពិការ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ រហូតធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះ មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន៣១៧ ដែលបានអនុវត្តការងារសង្គមបានយ៉ាងល្អប្រសើរ។ ទោះបីបងប្អូនជាយោធិនពិការ ក៏ពិតមែន ប៉ុន្តែពួកគេនៅតែមានមនសិការស្នេហាជាតិខ្ពស់ ដោយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ស្បៀងអាហារដល់គ្រួសារភៀសសឹក និងគ្រួសារកងទ័ព។
ឯកឧត្តមបានអំពាវនាវដល់យោធិនពិការទាំងអស់ ឱ្យបន្តថែរក្សាសុខភាព និងចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងការទប់ស្កាត់ជំងឺផ្សេងៗ។ ជាមួយគ្នានោះ ឯកឧត្តមបាននាំយកអំណោយ និងថវិការបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅចែកជូនដល់យោធិនពិការ និងគ្រួសារចំនួន ២៨៧គ្រួសារ និងគ្រូបង្រៀន ពេទ្យឆ្មប ព្រមទាំងឧបត្ថម្ភថវិកាចំនួន ៣លានរៀល ដល់មជ្ឈមណ្ឌល ដើម្បីប្រើប្រាស់ក្នុងអង្គភាព៕
ដោយ ឃុត សៅ





