ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត និងប្រព័ន្ធប្រឡាយមួយចំនួន ក្នុងភូមិសាស្ត្រខេត្តចំនួន៣
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ថ្នាក់ដឹកនាំក្រសួងនៅតាមមុខព្រួញត្រូវបន្តសហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តគោលដៅ ចុះតាមដានស្ថានភាពទឹកនៅតាមអាងទឹក និងប្រព័ន្ធធារាសាស្ត្រ ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈជានិច្ចគ្រប់កាលៈទេសៈ ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សផងដែរ។

ក្នុងឱកាសចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត តំបន់រលាំងជ្រៃស្លាគូ តំបន់កំពង់ទួលទំនប់៧មករា និងប្រព័ន្ធប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សង្កេតឃើញថា កម្រិតកម្ពស់ទឹកស្ទឹងព្រែកត្នោតគឺ៖ ១- ទំនប់អាងទឹកតាសាលទឹកមានកម្ពស់ ១៥,៥៥ម៉ែត្រ កើនឡើង ០,៩០ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ២០,០០ម៉ែត្រ។ ២-ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៤,១០ម៉ែត្រ កើនឡើង ០,៦០ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ៨,០០ម៉ែត្រ។ ៣-ស្ថានីយរលាំងជ្រៃ ទឹកមានកម្ពស់ ៧,២៩ ម៉ែត្រ កើនឡើង ០,០៣ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ។
៤-ទំនប់៧មករា ទឹកមានកម្ពស់ ១១,៨៥ម៉ែត្រ ស្រកចុះ ០,០៧ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ១២,៤០ម៉ែត្រ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសប្រទេសកម្ពុជា ដែលបាននិងកំពុងទទួលរងឥទ្ធិពលសម្ពាធទាបនៅសមុទ្រចិនខាងត្បូង ហើយដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងធ្វើឱ្យកម្ពស់ទឹកស្ទឹងសំខាន់ៗមួយចំនួនមានការកើនឡើង ដែលតម្រូវឱ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





