ឯកឧត្ដម គួច ចំរើន៖ អាជ្ញាធរពាក់ព័ន្ធនៅក្រុងតាខ្មៅត្រូវធ្វើការអប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍
AKP កណ្តាល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ ថា អាជ្ញាធរពាក់ព័ន្ធនៅក្រុងតាខ្មៅ ត្រូវធ្វើការអប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ខេត្តកណ្ដាលមានចំនួន ៦៤នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ប្រមាណជាង ១០០នាក់។ ហើយការចុះថយក្នុងការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយមានការចូលរួមអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន របស់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋបានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ បានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យជំនួសអ្នកស្លាប់មានការថយចុះ។ បើទោះជាមានការថយចុះយ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលរហូតដល់ ៦៤ នាក់ បើប្រៀបធៀបជាមួយសង្គ្រាមរវាង កម្ពុជា និងថៃ នាពេលកន្លងមក មានការស្លាប់ច្រើនជាងសង្គ្រាមទៀត។

ឯកឧត្តមបានបន្ថែមថា ដូច្នេះយើងទាំងអស់គ្នាជាកងកម្លាំង អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនប្រជាពលរដ្ឋជាប្រចាំ ដើម្បីរូបគ្នាបង្ការ ទប់ស្កាត់ បញ្ចៀសការស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាននៅទាបបំផុតតាមដែលអាចធ្វើទៅបាន។

សូមជម្រាបជូនថា ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងតាខ្មៅ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាក្រុងតាខ្មៅ។ ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





