មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ជាទូទៅអ្នកជំងឺតែងតែស្វែងរកគ្រូពេទ្យដែលពូកែព្យាបាលធ្វើឱ្យជំងឺរបស់គាត់ឆាប់ជាសះស្បើយ «គ្រូពេទ្យពូកែ អ្នកជំងឺឆាប់ជា»
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងថា «គ្រូពេទ្យពូកែ អ្នកជំងឺឆាប់ជា» ដែលជាទូទៅអ្នកជំងឺតែងតែស្វែងរកគ្រូពេទ្យដែលពូកែព្យាបាលធ្វើឲ្យជំងឺរបស់គាត់ឆាប់ជាសះស្បើយ។ ដូចនេះពួកគាត់មិនត្រឹមតែខិតខំរកប្រាក់មកចំណាយលើសេវាព្យាបាលដោយចិត្តរីករាយប៉ុណ្ណោះទេ តែថែមទាំងបានថ្លែងអំណរគុណ និងជួយផ្សព្វផ្សាយដល់មហាជន ឬក្រុមគ្រួសារគាត់បានដឹងពីសមត្ថភាពគ្រូពេទ្យល្អទៀតផង។

ការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយដល់យោធិនរបួស ជំងឺ វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកនៅមន្ទីរពេទ្យព្រះកេតុមាលា សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងនាមក្រសួងការពារជាតិ ឯកឧត្តមរដ្ឋលេខាធិការបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងពរជ័យជូនចំពោះបងប្អូនយោធិនជាអ្នកជំងឺ វេជ្ជបណ្ឌិត គ្រូពេទ្យ ព្រមទាំងថ្នាក់ដឹកនាំ និងយោធិនទាំងអស់ក្នុងមន្ទីរពេទ្យ សូមមានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច។ ក្នុងខណៈនោះដែរ ឯកឧត្តម លី កុសល បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកបម្រើការទាំងអស់ក្នុងមន្ទីរពេទ្យព្រះកេតុមាលាខិតខំគោរពរក្សាឱ្យបានល្អនូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាគ្រូពេទ្យ ត្រូវមានអាកប្បកិរិយា អត្តចរិត កាយវិការទន់ភ្លន់ សំដីសុភាពរាបសា សីលធម៌ល្អក្នុងការទំនាក់ទំនងផ្ទាល់ជាមួយអ្នកជំងឺក៏ដូចជាមហាជន។

បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា បានឱ្យដឹងថា ទាំងថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកមន្ទីរពេទ្យបានយកអស់ស្មារតីទទួលខុសត្រូវរបស់ខ្លួន ខិតខំបំពេញភារកិច្ចប្រកបដោយភាពទន់ភ្លន់ និងមានជំនាញវិជ្ជាជីវៈខ្ពស់ក្នុងការពិនិត្យព្យាបាល និងថែទាំអ្នកជំងឺ។ មិនតែប៉ុណ្ណោះបានបន្តធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធសំណង់អគារថ្មីៗមួយចំនួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់នៃបរិមាណអ្នកជំងឺដែលចេះតែកើនឡើងជាបន្តបន្ទាប់ ដោយក្រសួងការពារជាតិបានបំពាក់សម្ភារបរិក្ខារពេទ្យទំនើបៗបន្ថែមមួយចំនួន ដែលជាជំនួយរបស់ប្រទេសជាមិត្តផង និងទិញបំពាក់ដោយផ្ទាល់ផង ដើម្បីបង្កើន និងពង្រឹងកម្រិតសមត្ថភាពបច្ចេកទេសព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានឱ្យដឹងថា គ្រូពេទ្យសព្វថ្ងៃនេះសុទ្ធសឹងតែបានបញ្ចប់នូវវគ្គជំនាញទាំងកម្រិតបឋម មធ្យម និងកម្រិតជាន់ខ្ពស់នៅតាមសាលាវិជ្ជាជីវៈពេទ្យច្បាស់លាស់ ដែលអាចពិនិត្យ និងព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាព គួបផ្សំនឹងឧបករណ៍វេជ្ជសាស្ត្រទំនើបៗដែលមន្ទីរពេទ្យមាន ហើយមន្ទីរពេទ្យព្រះកេតុមាលាមិនត្រឹមតែពិនិត្យ ព្យាបាលជូនកងទ័ពប៉ុណ្ណោះទេ ថែមទាំងទទួលពិនិត្យព្យាបាលប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តម លី កុសល បាននាំយកអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានថវិកា ៣លានរៀលជូនមន្ទីរពេទ្យព្រះកេតុមាលា និងអំណោយជូនយោធិនជាអ្នកជំងឺចំនួន ៣៤០កញ្ចប់ ដែលក្នុង១កញ្ចប់ៗមាន មី ត្រីខកំប៉ុង ស្ករស ទឹកដោះគោ និងថវិកា ៣ម៉ឺនរៀលផងដែរ៕
ដោយ៖ ចាន់ សុភឿន





