ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តភ្នំសុពណ៌ទេព ក្រុងច្បារមន
AKP កំពង់ស្ពឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥-- ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ និងមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូប បានមកជួបជុំគ្នានៅវត្តភ្នំសុពណ៌ទេព ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីប្រារព្ធពិធីបុណ្យកាន់បិណ្ឌ៨ ដែលជាទំនៀមទម្លាប់របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ៨ នៅវត្តភ្នំសុពណ៌ទេព ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទទាំងអស់បានអញ្ជើញបូជាទានធូបផ្កាថ្វាយព្រះពុទ្ធិមានៅក្នុងឧបដ្ឋានសិលា និងប្រារព្ធពិធីថ្វាយបង្គុំព្រះពុទ្ធរូបនិងសម្មាទានសិល ទៅតាមកន្លងនៃទំលាប់ប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើងដែលមានតាំងពីបុរាណមកដើម្បីជាកិច្ចរំលឹកគុណបុណ្យរតនត្រៃជាពិសេសរំលឹកគុណដល់ព្រះពុទ្ធបរមគ្រូនៃយើងដែលព្រះអង្គត្រាស់ដឹងនៅអត្តរៈសាម្មាសាមពុទ្ធិញ្ញាណ និងព្រះធម៌ដ៏ពិសេសពិសាលបន្សល់ទុកសម្រាប់ពុទ្ធបរិស័ទគ្រប់រូបគោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន និងបន្តនៅពេលអនាគត ជាពិសេស ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋានមានឱកាសបានឧទ្ទិសកុសលផលបុណ្យជូនដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្ម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនជាតិទាំងអស់អញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។

នៅក្នុងពិធីនេះដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តី រួមទាំងថ្នាក់ដឹកនាំទាំងអស់បានអញ្ជើញរាប់បាតនិងវេប្រគេនបច្ច័យដល់ព្រះសង្ឃដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យដែលឯកឧត្តមនិងថ្នាក់ដឹកនាំ មន្រ្តីរាជការបានប្រារព្ធធ្វើនាឱកាសពេលនេះជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំងប្រាំពីរសណ្តានដែលចែកឋានទៅលោកខាងមុខសូមអោយមកទទួលនូវផល្លាអានិសង្ឃដល់ជ្រះថ្លាដែលឯកឧត្តមប្រគល់ជូនតាមរយៈព្រះសង្ឃផងដែ។


គួរំលឹកថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា។ ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានចែកចេញជាពីរគឺ៖ ទី១.ជារយៈពេលនៃការកាន់បិណ្ឌ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ និងទី២.ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ថ្ងៃភ្ជុំបិណ្ឌ ជាថ្ងៃដែលប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នា ដើម្បីឆ្លងនូវសទ្ធាជ្រះថ្លា ដែលបានថ្វាយទានចំពោះភិក្ខុសង្ឃ ក្នុងរយៈពេល ១៤ថ្ងៃកន្លងមក៕
ដោយ លឹម សាន្ត





