ប្រជាពលរដ្ឋក្នុងភូមិ៣ ក្រុងព្រះសីហនុ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ: អភិបាលខេត្តព្រះសីហនុ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុប្រជាពលរដ្ឋភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះដោយគូសបញ្ជាក់ថា ការចែកបណ្ណនាពេលនេះ មានចំណុចសំខាន់ចំនួន៤ ក្នុងនោះ ១. ទទួលបានផលប្រយោជន៍ស្របច្បាប់ ២.ធ្វើឱ្យតម្លៃដីមានភាពរឹងមាំ និងមានស្ថេរភាព ៣. ប្រតិបត្តិការទិញ លក់ ជួល ឬបញ្ចាំ និង៤.បើមានការអភិវឌ្ឍ មានការដោះដូរ (ទូទាត់សំណង)។

ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមរក្សាប័ណ្ណកម្មសិទ្ធនេះឱ្យបានល្អ និងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក យុវជនស្ម័គ្រចិត្តនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចភាពនឿយហត់ និងថ្ងៃឈប់សំរាក ប្រឹងប្រែងធ្វើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធទាំង ១១១ភូមិ នៅទូទាំងខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អគួរជាទីមោទក។ ឈានចេញបណ្ណកម្មសិទ្ធមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេសការវាស់វែងដីធ្លី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុនាពេលនេះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធនៅទូទាំងប្រទេស និងដោយឡែកនៅខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ព្រមទាំងបានថ្លែង អំណរគុណមេភូមិ ចៅសង្កាត់ អាជ្ញាធរក្រុង និងខេត្ត បានខិតខំប្រឹងប្រែងផ្សព្វផ្សាយ ការចូលរួមសហការ ដើម្បីមានភាពងាយស្រួល និងបានធ្វើការផ្តាំផ្ញើប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គ្មានបទល្មើសអំពើលួច ឆក់ ប្លន់ គ្រឿងញៀន បងតូច បងធំ ដូច្នេះបើមានការសង្ស័យ ត្រូវរាយការណ៍មកកាន់មេភូមិ មេប៉ុស្តិ៍រដ្ឋបាល ក្នុងការចូលរួមដានដានត្រួតពិនិត្យ ស៊ើបអង្កេតឈានទៅធ្វើការបង្ក្រាបបានទាន់ពេលវេលា ដើម្បីមូលដ្ឋានរបស់យើងមានសុខសន្តិភាព ទទួលបាននូវភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ ហើយគោលដៅរបស់សម្តេចទាំងពីរ គឺចង់ឃើញប្រជាពលរដ្ឋកម្ពុជា រស់នៅប្រកបដោយភាពសុខដុមរមនីយ ជីវភាពរស់នៅល្អប្រសើរ ក្រោមម្លប់សន្តិភាព។
លោក សេង សុខណាក់ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេបសម្រាប់ភូមិ៣ ដែលក្រុមការងារបានធ្វើការវាស់វែង និងគូរក្បាលដីសរុបមានចំនួន ៣ ៣២២ក្បាលដី ប្រមូល និងបញ្ចូលទិន្នន័យចំនួន ៣ ១០៦ក្បាលដី ហើយក្បាលដីដែលចេញបណ្ណបានចំនួន ២ ៦២៣ក្បាលដី ក្នុងនោះ ប្រភពបានពីអំណោយរដ្ឋចំនួន ៥៨១ក្បាលដី ប្រភពមានបណ្ណចាស់ចំនួន ៤៥១ក្បាលដី (ឈ្មោះម្ចាស់ដើមចំនួន ១៥៨ក្បាលដី និងបានបង់ពន្ធជាមុនសិនចំនួន ២៩៣ក្បាលដី) ប្រភពបានពីអំណោយឪពុកម្តាយ (ពន្ធសូន្យ) ចំនួន ៥០ក្បាលដី ប្រភពបានពីការទិញលក់ចំនួន ១ ៥៤៨ក្បាលដី (បង់ពន្ធរួចតាមយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុងចំនួន ១៤៧ក្បាលដី និងត្រូវបញ្ជូនទៅបង់ពន្ធជាមុនសិនចំនួន ១ ៤០១ក្បាលដី)។
លោកអនុប្រធានមន្ទីររៀបចំដែនដីខេត្ត បានបញ្ជាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺជាប្រភេទបណ្ណកម្មសិទ្ធិដីធ្លី ដែលម្ចាស់កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុ មានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែង ដោយសេរីបាននៅក្នុងទំហំដែលច្បាប់បានកម្រិត។ បណ្ណកម្មសិទ្ធិដីធ្លីនេះ ជាកម្មសិទ្ធិស្ថាពរ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលមិនមានជនណាអាចក្លែងបន្លំ និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតបានឡើយ និងជាភ័ស្តុតាងបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ ដែលគ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនេះមិនមែន ដើម្បីប្រយោជន៍សាធារណៈ បន្ទាប់ពីបានផ្តល់សំណង់ជាមុនដោយសមរម្យ និងយុត្តិធម៌៕
ដោយ ងូ សុមុនី





