ឯកឧត្តម អ៊ុំ រាត្រី នាំយកទេយ្យទានប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលរងខេត្ត និងក្រុមការងារជាច្រើនរូប បាននាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៧ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។

ពិធីនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកថែរក្សា និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ។

ឯកឧត្តម អ៊ុំ រាត្រី បានអញ្ជើញទៅវត្តសុវណ្ណសិក្ខារាម (វត្តព្រៃចាន់) និងវត្តជោគជ័យ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ។ ទេយ្យទានដែលបាននាំយកទៅប្រគេនព្រះសង្ឃនៅតាមវត្តនីមួយៗរួមមាន អង្ករ មី ត្រីខ ទឹកដោះគោ ភេសជ្ជៈ ទឹកបរិសុទ្ធ នំចំណី និងបច្ច័យមួយចំនួន។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ការចូលរួមធ្វើបុណ្យកាន់បិណ្ឌនេះ គឺជាកាតព្វកិច្ចរបស់ពុទ្ធបរិស័ទគ្រប់រូប ដើម្បីបង្ហាញពីការគោរពប្រតិបត្តិចំពោះព្រះពុទ្ធសាសនា និងបន្តថែរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរឲ្យបានគង់វង្សតទៅ។ ឯកឧត្តម ក៏បានជូនពរដល់ព្រះសង្ឃគ្រប់អង្គ និងប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ព្រះសង្ឃដែលគង់នៅវត្តទាំងពីរក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ៊ុំ រាត្រី និងក្រុមការងារ ដែលបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមធ្វើបុណ្យកាន់បិណ្ឌនៅតាមវត្តនានា ជាពិសេសវត្តទាំងពីរខាងលើ។ សកម្មភាពនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ក្នុងការចូលរួមលើកស្ទួយវិស័យសាសនា និងប្រពៃណីជាតិ៕
ដោយ ឈុន សារ៉ាត





