អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំ មន្ទីរអង្គភាព អញ្ជើញកាន់បិណ្ឌវេនទី៨នៅវត្តឥន្ទ្រីយ៍សំវរៈ
AKP កំពង់ធំ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ជាមួយព្រះសង្ឃលោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តនៅវត្តឥន្ទ្រីយ័សំវរៈ"ហៅវត្តកំពង់ធំ"ស្ថិតនៅភូមិក្តីសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ធំបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនចំពោះព្រះសង្ឃ និងជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួម។

ឯកឧត្តមបានបញ្ជាក់ថា សុខសន្តិភាពពិតជាមានតម្លៃដ៍មហាសាល មានសន្តិភាពទើបមានការអភិវឌ្ឍ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះស្ថាបនិកក្នុងការរកបាននូវសន្តិភាពជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន ដូចនេះយើងជាប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែការពារនូវ សុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះជារៀងរហូត។

នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេណទី៨នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានប្រគេនព្រះសង្ឃនូវអង្ករ ទឹកសុទ្ធ និងបច្ច័យមួយចំនួន សម្រាប់ដំណើរការនៅក្នុងវត្តផងដែរ។

សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងៗទៀត។ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំដែលទម្លាប់ទាំងនេះគឺបានអនុវត្តជាយូរយាណាស់មកហើយ។ ការប្រារព្ធពិធីបុណ្យនេះគឺដើម្បីបួងសួងឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់លោកអ្នកមានគុណទាំងឡាយ មានមាតា បិតា ជីដូនជីតាញាតិកាលទាំង៧សណ្តានដែលបានចែកឋានទៅហើយនោះនិង ជួយរំដោះឱ្យរួចចាកផុតពីទុក្ខទោសទាំងឡាយដើម្បីបានទៅកាន់សុខគតិភពជាថ្មី៕
ដោយ ស៊ុម វណ្ណា





