ឯកឧត្តម ម៉ាង ស៊ីណេត ចូលរួមកាន់បិណ្ឌវេណទី៧ នៅវត្តគិរីស្ទឹងឆាយ ស្រុកកំពង់សិលា
AKP ខេត្តព្រះសីហនុ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ នាព្រឹកថ្ងៃអាទិត្យទី១៤ ខែកញ្ញា ឆ្នាំ២០២៥បានអញ្ជើញកាន់បិណ្ឌវេណទី៧ នៅវត្តគិរីស្ទឹងឆាយ ស្ថិតនៅឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិកព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តស្ទឹងឆាយ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋានមានឱកាសចូលរួមឧទ្ទិសកុសលផលបុណ្យជូនដល់មាតា បីតា និងវីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសក កម្មការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លាន ពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនជាតិទាំងអស់ អញ្ជើញទៅកាន់សុគតិភព កុំបីអាក់ខានឡើយ ។
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ដនេះដែ ប្រជាជាតិកម្ពុជាទាំងអស់ចូលរួមពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ។
ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយដែលប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងជនបរទេសបាននាំគ្នាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីបុរាណកាលមក។

ពិធីបុណ្យនេះមានសារៈសំខាន់ណាស់ និងមានអត្ថន័យដ៏ធំធេងសម្រាប់ប្រជារាស្ត្រខ្មែរ ដែលបានធ្វើដំណើរពីទីជិតទីឆ្ងាយទៅកាន់ស្រុកកំណើត និងតាមបណ្តាវត្តអារាមនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបជុំគ្នានៅតាមលំនៅ ឋាន ឬនៅតាមវត្តអារាមនានា ដើម្បីធ្វើបុណ្យទានសម្តែងនូវកតញ្ញូតាធម៌ជូនចំពោះអ្នកមានគុណ ឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានទទួលមរណកាលទៅហើយ និងបានបណ្តុះស្មារតីសាមគ្គីភាពជាតិ ស្រឡាញ់ថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី និងលើកកម្ពស់អរិយធម៌ជាតិខ្មែរឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ ។

ក្នុងឪកាសនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បាននាំយកសម្ភារៈមួយចំនួនប្រគេនព្រះសង្ឃវត្តគិរីស្ទឹងឆាយមានដូចជា ១-អង្ករ ៣០០គីឡូក្រាម ២-មី ២៤កេស ៣-ទឹកត្រី ១០យូ ៤-ទឹកស៊ីអ៉ីវ ១០យួរ ៥-ទឹកសុទ្ធ ១០កេស ៦-ទឹកក្រូច និងទឹកផ្លែឈើ ១០កេស ៧-ចង្ហាន់បិណ្ឌបាតចំនួនន ៤ឆ្នាំង និងប្រគេនថវិកាព្រះសង្ឃក្នុងមួយអង្គ ១០ម៉ឺនរៀល ដោយឡែកព្រះតេជគុណចៅអធិការវត្តចំនួន ២០ម៉ឺនរៀល ជូនលោកអាចារ្យ គណ:កម្មាវត្តក្នុងម្នាក់ៗ ៥ម៉ឺនរៀល ជូនយាយជី តាជីម្នាក់ ២ម៉ឺនរៀល និងបច្ច័យប្រគេនវត្ត ដើម្បីកសាងសមិទ្ធិផលនានាចំនួន ១០លានរៀល ។ ជាមួយគ្នានេះដែរ ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានមន្ទីរ អង្គភាព ក៏បានចូលបច្ច័យក៏សាងវត្តមួយចំនួនទៀតផងដែរ ។
ទន្ទឹមនោះឯកឧត្តម ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពក្នុងខេត្ត ក៏បានផ្តួចផ្តើមក៏សាងផ្លូវចូលវត្តមាន ប្រវែង ១៩០ម៉ែត្រ អាចចាក់ជាបេតុង ឬកៅស៊ូផងដែរ ៕
ដោយ៖ ងូ សុមុនី





