ឯកឧត្តម ជា វ៉ាន់ដេត ថ្លែងសុន្ទរកថាគន្លឹះក្នុង “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជានិងពិព័រណ៍អនឡាញលើកទី២”
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥–ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជានិងពិព័រណ៍អនឡាញលើកទី២ លើប្រធានបទ “ការកសាងកម្ពុជាឌីជីថលដ៏ឆ្លាតវៃនិងសុវត្ថិភាព៖ យុវជន ការច្នៃប្រឌិត និងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” នៅសាលស៊ីធីហលកោះពេជ្រ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងកម្មវិធីភិវឌ្ឍន៍នៃសហប្រជាជាតិ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងក្រុមហ៊ុន Zen.com ថ្នាក់ដឹកនាំ ក.ប.ទ. និងតំណាងក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ វិស័យអប់រំ និងវិស័យឯកជន ប្រមាណ ៣០០ រូប។


ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត មានប្រសាសន៍ថា ដើម្បីឱ្យពាណិជ្ជកម្មឌីជីថលរីកចម្រើន យើងត្រូវការធាតុផ្សំដ៏សំខាន់មួយដែលមិនអាចខ្វះបាន នោះគឺ «ទំនុកចិត្ត»។ បើគ្មានទំនុកចិត្ត ទាំងអ្នកទិញនិងអ្នកលក់នឹងមិនហ៊ានធ្វើប្រតិបត្តិការឌីជីថលនោះទេ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានសុវត្ថិភាពខ្ពស់និងគួរឱ្យទុកចិត្តបាន តាមរយៈការរៀបចំសេចក្តីព្រាងច្បាប់ និងគោលនយោបាយសំខាន់ៗ ដែលនឹងក្លាយជាខែលការពារសម្រាប់ពាណិជ្ជករ អ្នកប្រើប្រាស់ និងវិស័យសាធារណៈទាំងមូល។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថលជាច្រើន ជាពិសេស ថ្នាល verify.gov.kh ដែលជាថ្នាលមានសក្ដានុពលយ៉ាងធំធេងក្នុងការជួយសម្រួលការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរបៀប ស្នើសុំអនឡាញ ទទួលបានអនឡាញ ប្រើប្រាស់បានអនឡាញ ប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ដោយសារបច្ចេកវិទ្យាប្លុកឆេន សម្រាប់បង្កើនទំនុកចិត្តឌីជីថល និងមូលដ្ឋានសម្រាប់ពាណិជ្ជកម្មឌីជីថលដែរ។


ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មូលដ្ឋានគ្រឹះឌីជីថលដ៏ឆ្លាតវៃ ដើរតួយ៉ាងសំខាន់ដើម្បីសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក។ មូលដ្ឋានគ្រឹះនេះជាចំណុចចាប់ផ្តើមសម្រាប់ជំរុញគ្រប់វិស័យទាំងអស់ឱ្យរីកចម្រើននិងចាប់យកកាលានុវត្តភាពពីការធ្វើបរិវត្តកម្មឌីជីថល ហើយ ក.ប.ទ. បាននិងកំពុងអនុវត្តការងារយ៉ាងសកម្មដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ក្នុងនោះរួមមាន ការបង្កើនគុណភាពសេវាទូរគមនាគមន៍ និង ការពង្រីកបណ្តាញតភ្ជាប់។ បន្ថែមលើនេះ កន្លងមក ក.ប.ទ. ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាច្រើនដើម្បីគាំទ្រយុវជនកម្ពុជា រួមមាន ការជំរុញការវិនិយោគលើ STEM និងការអប់រំបញ្ញាសិប្បនិម្មិត (AI) ការលើកទឹកចិត្តធុរកិច្ចថ្មីឌីជីថល និងការបង្កើតកម្មវិធីភ្ញាស់ធុរកិច្ច (Incubation) សំដៅជំរុញប្រព័ន្ធអេកូឡូស៊ីឌីជីថល ក្នុងគោលដៅបង្កើតឡើងនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីនៅក្នុងវិស័យអប់រំ កសិកម្ម សុខាភិបាល និងពាណិជ្ជកម្មអេឡិចត្រូនិក លើកទឹកចិត្តឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល វិស័យអប់រំវិទ្យាសាស្ត្រ និងវិស័យឯកជន ដើម្បីបង្កើតបាននូវនវានុវត្តន៍ថ្មីៗ ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណ





