ប្រជាពុទ្ធបរិស័ទខេត្តកំពតចូលរួមពីធីបុណ្យកាន់បិណ្ឌយ៉ាងផុសផុលនៅគ្រប់វត្តអារាម
AKP កំពត ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥–ន្ត្រីជំនាញបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃចូលព្រះវស្សារហូតមកដល់បុណ្យកាន់បិណ្ឌទី៦នេះ គ្រប់វត្តអារាមក្នុងខេត្តកំពតមិនមានបញ្ហាកង្វះខាតចង្ហាន់ព្រះសង្ឃនោះទេ ព្រោះប្រជាពុទ្ធបរិស័ទមានជំនឿ និងខិតខំធ្វើបុណ្យទានយ៉ាងផុសផុល។ លោកតាអាចារ្យថាពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះ រៀបចំធ្វើតាមទំនៀម បន្ថែមតែពិធីបង្សុកូលជូនវីរកងទ័ពពលីប៉ុណ្ណោះ ខណៈដែលក្រុមយុវជនអំពាវនាវសូមឲ្យប្រជាពុទ្ធបរិស័ទនាំកូនចៅធ្វើបុណ្យនៅវត្តឲ្យកាន់តែច្រើន។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោក នាក់ យិតថូ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ថា ឆ្នាំនេះការរៀបចំពិធីបុណ្យកាន់បិណ្ឌ នៅគ្រប់វត្តអារាមទូទាំងខេត្តមានភាពល្អប្រសើរ ទាំងសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងកិច្ចសាសនាផ្សេងៗ។ ហើយមកដល់បិណ្ឌទី៦នេះ គ្រប់វត្តអារាមមានពុទ្ធបរិស័ទនាំយកចង្ហាន់ទៅច្រើន មិនខ្វះខាតចង្ហាន់ទេ ទោះបីវត្តនៅតាមទីជនបទក៏ដោយ។

លោកតាអាចារ្យនៅវត្តត្រើយកោះ ក្រុងកំពត បានប្រាប់ឲ្យដឹងដែរថា កម្មវិធីបុណ្យកាន់បិណ្ឌរៀបចំឡើងជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណីសាសនា។ ហើយប្រជាពុទ្ធបរិស័ទបានមកចូលរួមច្រើនគ្រប់កម្មវិធីបុណ្យរួមទាំងការបោះបាយបិណ្ឌផង។ លោកបានអំពាវនាវដល់យុវជនសូមបង្អោនចិត្ត ចូលមកធ្វើបុណ្យតាមវត្តអារាមឲ្យបានច្រើន។

ចំណែកក្រុមយុវជនខេត្តតាកែវដែលជានិស្សិតមកបន្តការសិក្សានៅខេត្តកំពត ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ពេលឃើញគ្រប់វត្តអារាមនៅខេត្តកំពត មានប្រជាពលរដ្ឋទាំងចាស់ក្មេងមកចូលរួមបានច្រើន ដើម្បីធ្វើបុណ្យរម្លឹកគុណ និងឧទ្ទិសមគ្គផលជូនដល់ជីដូនជីតា និងបុព្វការីជនទាំង៧សណ្តាន ដែលបានចែកឋាន រំលាយក្ខន្ធទៅកាន់លោកខាងមុខ។
បើតាមមន្ត្រីជំនាញថា ខេត្តកំពតមានវត្តអារាម ចំនួន២៧៤វត្ត ក្នុងនោះវត្តគណៈមហានិកាយ ចំនួន២៤៧វត្ត និងវត្តគណៈធម្មយុត្តចំនួន ២៧វត្ត ដែលមានព្រះសង្ឃសរុប ២៥៥៩អង្គ ៕
ដោយ៖ ប្រាក់ លាង





