ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលសួរសុខទុក្ខជាលក្ខណៈគ្រួសារជាមួយមន្ត្រីរាជការនិងនិវត្តជនមុនភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
AKP កំពង់ស្ពឺ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥–ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្ត្រីរាជការនិងនិវត្តជនប្រមាណជាង២000នាក់ នាឱកាសអបអរសាទរបុណ្យភ្ជុំបិណ្ឌខ្មែរប្រពៃណីជាតិនាពេលខាងមុខនៅបរិវេណសាលាខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែកដែលបានបំពេញតួនាទី ភារកិច្ចបានល្អនិងស្មោះត្រង់ រយៈពេលកន្លងមក។ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះមន្រ្តីរាជការនិងបងប្អូននិវត្តជន។

ឯកឧត្តមបានថ្លែងថា "ក្រោមម្លប់សន្តិភាពប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ធ្វើឲ្យកំណើនសេដ្ឋកិច្ចមានការកើនឡើងយ៉ាងឆាប់រហ័ស ធានាបាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ"។ក្នុងនោះបងប្អូនមន្ត្រីនិវត្តជនបានចូលរួមយ៉ាងសកម្ម ឆ្លងកាត់ការលំបាកក្នុងអតីតកាលនិងរៀបចំស្តារឡើងវិញប្រព័ន្ធរដ្ឋបាល នោះជាការចាប់ផ្តើមដំបូង ឆ្លងកាត់ការលំបាក ជួបប្រទះព្យុះភ្លៀងទំរ៉ាំធ្វើឲ្យកម្ពុជា មានការរីកចម្រើននិងអភិវឌ្ឍន៍មកដល់សព្វថ្ងៃ ហើយសមិទ្ធផលដែលកើតមានមកដល់បច្ចុប្បន្នគឺមិនអាចខ្វះបានពីបងប្អូននិវត្តជនរបស់យើង។ឯកឧត្តមបានបញ្ជាក់រំលឹកថា៖"ការជួបសំណេះសំណាលនេះយើងបានរៀបចំធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់នូវមនោសញ្ចេតនា កតញ្ញូតាធម៌រវាងមន្ត្រីកំពុងកាន់មុខតំណែងនិងមន្ត្រីចូលនិវត្តន៍ ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក។


ជាមួយគ្នានេះ គឺជាការរំលឹកដឹងគុណ អតីតមន្ត្រីរាជការស៊ីវិល ដែលបានខិតខំតស៊ូអត់ធ្មត់ គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល ក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសបានកសាងកេរតំណែល និងស្នាដៃដ៏មានសារៈសំខាន់ ទាំងការផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗជាច្រើន សម្រាប់មន្ត្រីរាជការជំនាន់ក្រោយរៀនសូត្រ និងយកទៅអនុវត្តតាម៕
ដោយ៖ លឹម សាន្ត





