ពិធីបើកសន្និសីទ លើកទី០៨ នៃសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងអាស៊ីប៉ាស៊ីហ្វិក APAID ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥--ការផ្សារភ្ជាប់បច្ចេកវិទ្យាសាមញ្ញ ទៅនឹងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យដាំបង្គោលធ្មេញក្នុងឆ្អឹង មានប្រធានបទចំនួនប្រមាណ១៥ ដែលត្រូវបានលើកយកមកធ្វើបទបង្ហាញពីវាគ្មិនជាតិ និងអន្តរជាតិដ៏ល្បីល្បាញជាច្រើនរូប។


ពិធីបើកសន្និសីទ លើកទី០៨ នៃសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងអាស៊ីប៉ាស៊ីហ្វិក APAID ២០២៥ ក្រោមប្រធានបទ «ការផ្សារភ្ជាប់បច្ចេកវិទ្យាសាមញ្ញ ទៅនឹងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យដាំបង្គោលធ្មេញក្នុងឆ្អឹង»ដោយបានអញ្ជើញចូលរួមពី ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានសមាសភាពចូលរួមពីក្រុមប្រឹក្សាគណៈទន្តពេទ្យកម្ពុជា តំណាង APAID សមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា និងទន្តពេទ្យសមាគមដាំបង្គោលក្នុងឆ្អឹង សរុប ៣៥០រូប មានការតាំងពិព័រណ៍ សម្ភារបរិក្ខារទន្តសាស្ត្រ ៤០ស្តង់ ដែលប្រារព្ធឡើងមានរយៈពេល០២ថ្ងៃ គឺថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលសន្និសីទផ្សារទំនើបអ៊ីអនម៉ល មានជ័យ។


ក្នុងគោលបំណង ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍយ៉ាងខ្លាំង ផ្នែកទន្តសាស្ត្រឌីជីថល និងការប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ តាមបែបទំនើបកម្ម ក្នុងសតវត្សទី២១ និងដើម្បីលើកកម្ពស់ស្តង់ដារសមត្ថភាពវិជ្ជាជីវៈទន្តសាស្ត្រ លើផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹងនៅកម្ពុជា ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាល បានក្រើនរម្លឹកថា ទន្តសាស្ត្រទាំងអស់ត្រូវខិតខំចូលរួមបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញបន្ត ជាប់ជាប្រចាំដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំងក្លា ក្នុងការបម្រើសេវាព្យាបាលប្រកបដោយ គុណភាព សុវត្ថិភាព និងទទួលបានទំនុកចិត្តខ្ពស់ពីអ្នកជំងឺនិងសូមឱ្យទន្តពេទ្យទាំងអស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និយាមវិជ្ជាជីវៈទន្តសាស្រ្ត ដែនកំណត់វិជ្ជាជីវៈ គោរពច្បាប់នៃការគ្រប់គ្រងការប្រកបវិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ក្នុងប្រតិបត្តិការបម្រើសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចៀសវាងទទួលនូវការពិន័យ និងទោសទណ្ឌនានា៕
ដោយ៖ ពេជ្រ សំអឿន( ប្រភព៖ក្រសួងសុខាភិបាល )





