ឯកឧត្តម ថោ ជេដ្ឋាចាត់ទុករថយន្តសង្គ្រោះបន្ទាន់ថ្មីទើបផ្តល់ជូននេះនិងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺឬជួបឧបទ្ទវហេតុបានល្អប្រសើរជាងមុន
AKP កំពង់ធំ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៥-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងបានលើកឡើងថារថយន្តសង្គ្រោះបន្ទាន់ថ្មីនិងជួយសង្គ្រោះជីវិតអ្នកជំងឺឬជួបឧបទ្ទវហេតុបានល្អប្រសើរជាងមុន។

ការលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមនិងសហការីបានអញ្ជើញប្រគល់រថយន្តសង្គ្រោះបន្ទាន់២គ្រឿង ជូនដល់មន្ទីរពេទ្យបង្អែកស្ទោង១គ្រឿងនិងមណ្ឌលសុខភាពពពក១គ្រឿងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៥។

ក្នុងនាមប្រធានក្រុមការងារ ឯកឧត្តមថោ ជេដ្ឋាបានសង្កត់ធ្ងន់ថារថយន្តសង្គ្រោះបន្ទាន់ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការសង្គ្រោះអាយុជីវិតអ្នកជំងឺ អ្នកជួបឧបទ្ទវហេតុតាមបណ្ដាទីសាធារណៈឬក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីដឹកជញ្ជូនទៅសង្គ្រោះបន្ទាន់ពីកន្លែងកើតហេតុមកកាន់មន្ទីរពេទ្យក៏ដូចជាការជួយដឹកជញ្ជូនសង្គ្រោះអ្នកជំងឺពីគេហដ្ឋានមកមន្ទីរពេទ្យនិងទៅកាន់មន្ទីរពេទ្យផ្សេងៗទៀត។ឯកឧត្តមបានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវបង្កើនគុណវុឌ្ឍិវិជ្ជាជីវៈ ឱ្យបានកាន់តែប្រសើរឡើងនិងជាប់ជាប្រចាំជាពិសេសឱ្យបានសមស្របតាមឯកទេសជំនាញឬបច្ចេកវិទ្យាទំនើបនិងបរិបទសកល នាពេលបច្ចុប្បន្ន ដើម្បីសង្គ្រោះឬព្យាបាលអ្នកជំងឺកាន់តែមានប្រសិទ្ធភាពឆាប់ជាសះស្បើយ និងជឿជាក់ជាងមុន។

ឯកឧត្តម ថោ ជេដ្ឋា បានសាទរយ៉ាងក្រៃលែងបំផុតដែលស្រុកស្ទោងកំពុងមានការអភិវឌ្ឍខ្លាំង ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធវិទ្យាសាស្ត្រ ក៏ដូចជាការដាំដើមក្ងោកអមសងខាងផ្លូវជាតិលេខ៦ព្រមទាំងការដាក់បំពាក់សូឡាជាច្រើនពាន់ដើម ពីព្រំប្រទល់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រហូតដល់ព្រំប្រទល់ខេត្តសៀមរាប ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាគម្រោងអភិវឌ្ឍន៍មូលដ្ឋានរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។
សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្ទោង គ្របដណ្តប់លើ២ស្រុករដ្ឋបាល មានបុគ្គលិកសរុប៧១រូប លើ១៨ឃុំ មាន១៧០ភូមិ ហើយមណ្ឌលសុខភាពពពកមានបុគ្គលិក៨រូប៕
ដោយ៖ ស៊ុម វណ្ណា





