មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំវាយតម្លៃខ្ពស់បំផុតចំពោះ មាតា បិតា អ្នកអាណាព្យាបាលសិស្ស ដែលបានវិនិយោគទៅលើការសិក្សារបស់កូនចៅខ្លួន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥--ឯកឧត្តមបណ្ឌិត ពឹង គឹមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់បំផុតចំពោះ មាតា បិតា អ្នកអាណាព្យាបាលសិស្ស ដែលបានវិនិ យោគទៅលើការសិក្សារបស់កូនចៅខ្លួន តាមរយៈការបញ្ជូនពួកគេឱ្យចូលសាលរៀន ព្រមទាំងបានកត់សម្គាល់ពីការរីកចម្រើនខាងវិស័យអប់រំនៅកម្ពុជា ដែលបានមកពីការចូលរួមយ៉ាងសំខាន់ពីស្ថាប័នអប់រំរដ្ឋ និងឯកជន។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ពឹង គឹមឆេន យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបិទបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ និងទិសដៅបន្ត ឆ្នាំសិក្សា២០២៥-២០២៦ សាលាអន្តរជាតិប៉េកាំង នាវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ពិតជាមានមោទនភាពខ្លាំងណាស់ដែលមានដៃគូអប់រំល្អៗទាំងនៅក្នុងវិស័យរដ្ឋ និងឯកជន ដោយបានផ្តល់ការសិក្សាអបរំទៅ ដល់អ្នកបន្តវេនប្រកបដោយគុណភាពស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើង នូវការអប់រំនៅកម្ពុជា ដើម្បីកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ដែលជាធនធានមួយដ៏មាន សារៈសំខាន់ក្នុងការកសាងប្រទេសជាតិឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀតសម្រាប់ពេលអនាគត។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ពឹង គឹមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ ឱ្យសិស្ស/និស្សិតនៅគ្រប់គ្រឹះស្ថានអប់រំទាំងអស់ ខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រឱ្យបានពិតប្រាកដ ដើម្បីឆ្លើយតបទៅនឹងការដាក់ទុនសម្រាប់ការសិក្សារបស់ក្មួយៗពីសំណាក់ មាតា បិតា អ្នកអាណាព្យាបាល ដើម្បីអនាគតខ្លួនឯង អនាគតក្រុមគ្រួសារ និងអនាគតប្រទេសជាតិ ព្រោះមានតែការ សិក្សាទេទើបអាចធ្វើឱ្យអនាគតនៃជីវិតរបស់យើងមានភាពភ្លឺថ្លាបាន។

នាឱកាសនេះផងដែរ លោកស្រី លីវ ណា អគ្គនាយិកាសាលាអន្តរជាតិប៉េកាំងបានចាត់ទុកសិស្សដែលកំពុងទទួលការបណ្តុះបណ្តាលនៅក្នុងសាលារៀនថាជាធនធានមនុស្សថ្មីដែលមានសមត្ថភាព និងគុណសម្បត្តិសម្រាប់ការអភិវឌ្ឍសង្គមជាតិនាពេលអនាគត ដែលកិច្ចការកសាងធនធានមនុស្សនេះក៏ជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់សាលាអន្តរជាតិប៉េកាំង ក្នុងការកសាងអភិវឌ្ឍន៍ធនធានមនុស្សក៏ដូចជាលើកស្ទួយវិស័យអប់រំ ប្រកបដោយស្មារតីព្យាយាម និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ រហូតទទួលបានលទ្ធផលគួរជាទីមោទន។

លោកស្រីអគ្គនាយិកាបានឱ្យដឹងដែរថា បច្ចុប្បន្ននេះសាលាអន្តរជាតិប៉េកាំមានសាខាចំនួន៧ទីតាំង គឺ៥ទីតាំងនៅរាជធានីភ្នំពេញ និង២ទីតាំងទៀតនៅខេត្តបាត់ដំបង និងខេត្តកណ្តាល ដោយក្នុងឆ្នាំសិក្សា ២០២៤-២០២៥ មានសិស្សានុសិស្សពេញម៉ោង និងក្រៅម៉ោងសរុប ៣៦៨៩នាក់ ហើយសាលាក៏មានផែនការពង្រីកសាខាបន្ថែមទៀតនៅឆ្នាំ២០២៦ខាងមុខផងដែរ៕
ដោយ៖ ចាន់ សុភឿន





