ស្រុកចំនួនបីក្នុងខេត្តកំពង់ធំរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង
AKPកំពង់ធំ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥--មន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានឱ្យដឹងកាលពីរសៀលថ្ងៃទី១២កញ្ញាឆ្នាំ២០២៥ថាខេត្តកំពង់ធំរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងលើដំណាំស្រូវសរុបចំនួន១៧៨១ហិកតាលើ ០៣ស្រុក១៣ឃុំ៧១ភូមិ ស្មើនឹង២១១២គ្រួសារក្នុងនោះខូចខាតចំនួន១០៥៦ហិកតាលើ០២ស្រុក៧ឃុំ ៥២ភូមិ ស្មើនឹង១២៨៧គ្រួសារ។

ប្រភពបានលើកឡើងថាស្រុកតាំងគោកប៉ះពាល់ចំនួន១០៤៧ហិកតាលើ០៦ឃុំ ៤៣ភូមិ ស្មើនឹង១១៦៦គ្រួសារក្នុងនោះខូចខាតចំនួន៦៦៤ហិកតាលើ០៤ឃុំ៣៤ភូមិស្មើនឹង៨៨៨គ្រួសារ។ស្រុកបារាយណ៍ប៉ះពាល់ចំនួន៦៦៩ហិកតាលើ០៤ឃុំ ២៣ភូមិស្មើនឹង៨១៧គ្រួសារក្នុងនោះខូចខាតចំនួន៣៩២ហិកតាលើ០៣ឃុំ ១៨ភូមិ ស្មើនឹង៣៩៩គ្រួសារ។ស្រុកសន្ទុកប៉ះពាល់ចំនួន៦៥ហិកតាលើ០៣ឃុំ៥ភូមិស្មើនឹង១២៩គ្រួសារ។

ស្ថានភាពទឹកជំនន់នៅខេត្តកំពង់ធំទឹកស្ទឹងសែនគិតត្រឹមថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៥ទឹកស្ទឹងសែនមានកម្ពស់១៣,២៨ម៉ែត្រធៀបទៅនឹងឆ្នាំមុនរយៈពេលដូចគ្នាខ្ពស់ជាង១,៨៥ម៉ែត្រកំពស់ទឹកត្រូវប្រុងប្រយ័ត្ន១៣,៥០ម៉ែត្រ។ការងារបង្កបង្កើតផលលើដំណាំស្រូវរបស់កសិករខេត្តកំពង់ធំគិតត្រឹមថ្ងៃទី១២កញ្ញាឆ្នាំ២០២៥អនុវត្តបានលើផ្ទៃដីចំនួន២៣៦១២៦ហិកតាស្មើនឹង១០៧,៣៣ ភាគរយនៃផែនការ២២០០០០ហិកតាធៀបទៅនឹង ឆ្នាំមុនរយៈពេល ដូចគ្នា ខ្ពស់ជាងចំនួន១៧៩២៧ហិកតា។

ទន្ទឹមនឹងនេះដែរប្រជាកសិករខេត្តកំពង់ធំយកចិត្តទុកដាក់ដាំដំណាំរួមផ្សំបានចំនួន សរុបចំនួន៤៦១៧៦ហិកតា ធៀបទៅនិង ឆ្នាំមុនរយៈពេលដូចគ្នាទាបជាងចំនួន៦៨៨៥ ហិកតា ។ជាមួយគ្នានេះដែរប្រជាកសិករខេត្តកំពង់ធំបានធ្វើការប្រមូលផលស្រូវស្រាលបង្កើនរដូវ ចំនួន៧២៨៩៩ហិកតាដោយទទួលបានទិន្នផលមធ្យម៤,៤២៤តោនក្នុង០១ហិកតា៕
ដោយ៖ ស៊ុម វណ្ណា





