រដ្ឋាភិបាលខេត្តតាកែវ រៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥--រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង លោកស្រី ឡុង បូណារ៉េត ជាអភិបាលរងនៃណៈអភិបាលខេត្តតាកែវ ជំនួសលោកស្រី គា សុភូ ត្រូវផ្ទេរភារកិច្ចជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

កម្មវិធីបានប្រារព្ធកាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥ដោយមានអញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោកលោកស្រីអភិបាលរងខេត្តតាកែវ លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកលោកស្រីអភិបាលអភិបាលរងក្រុង-ស្រុក លោកមេឃុំចៅសង្កាត់ទាំង100 មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចូលរួមជាច្រើនរូបផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្ដែងការកោតសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរខេត្តតាកែវ ដែលបានខិតខំប្រឹងប្រែងគៀងគរ បណ្ដាអ្នកវិនិយោគគិនក្នុងនិងក្រៅប្រទេស ឲ្យមកបណ្ដាក់ទុកក្នុងខេត្តកាន់តែច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចនិងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្តថា ផ្អែកតាមរបាយការណ៍របស់ ឯកឧត្តម វ៉ី សំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវបានឲ្យដឹងថា គិតមកដល់ពេលនេះមានអ្នកវិនិយោគិនបរទេសជាច្រើន បានមកវិនិយោគបើករោងចក្រសហគ្រាសនៅក្នុងខេត្តតាកែវ ដែលបច្ចុប្បន្នកំពុងមានតម្រូវការពលកម្មជាង ៦ពាន់កន្លែង សម្រាប់ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ។អាចជួយលើកស្ទួយជីវភាពគ្រួសារបងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។សមិទ្ធផលទាំងអស់នេះ វាកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរខេត្តតាកែវរួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់។ក្នុងន័យសំដៅធ្វើយ៉ាងណា បង្កើនសេដ្ឋកិច្ចក្នុងខេត្តតាកែវឲ្យបានរីកចម្រើន កាត់បន្ថយភាពក្រីក្រនិងការចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះដែរឯកឧត្តម ប៊ុន ហុន ក៏បានជំរុញដល់អាជ្ញាធរខេត្តតាកែវរួមនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឲ្យបានល្អប្រសើរ។ពិសេសត្រូវបង្កើនការបង្ក្រាបបទល្មើសផ្សេងៗរួមមាន៖ចោរលួចឆក់ប្លន់ បញ្ហាគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន។ ដើម្បីធានាបាននូវសន្ដិសុខសណ្ដាប់ធ្នាប់សង្គម និងសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្ថែមថា រដ្ឋបាលខេត្តតាកែវ ត្រូវខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងជំរុញលើកទឹកចិត្តមន្ត្រីឱ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព។ជាពិសេសសមត្ថភាពជំនាញព័ត៌មានវិទ្យានិងឌីជីថល ដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗ ក្នុងការអនុវត្តការងារឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ អ៊ុច សៀង





