ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការបំពាក់កាម៉េរ៉ាសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥–
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ នារសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ជំហានទីពីរដែលមានចំនួន ១៦៧ទីតាំង ស្មើនឹង ២៥៧កាមេរ៉ា នៅតាមបណ្ដោយផ្លូវក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងតាមដានពីសកម្មភាពរបស់ជនល្មើស ដើម្បីងាយស្រួលកំណត់មុខសញ្ញា និងឈានទៅធ្វើការបង្ក្រាបបានទាន់ពេលវាលា ។

លោកសាមុត សុធារិទ្ធ អភិបាលរងខេត្ត បានរាយការណ៍ស្តីពីទីតាំងដែលត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ជំហានទីពីរមានដូចជា៖១.ក្នុងក្រុងព្រះសីហនុ, ២.ក្រុងកំពង់សោម, ៣.ស្រុកព្រៃនប់, ៤.ស្រុកកំពង់សីលា ហើយក្នុងក្រុង/ស្រុកទាំង៤ ខាងលើកនេះត្រូវបានបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ១៦៧ទីតាំង ស្មើនឹង ២៥៧កាមេរ៉ា ។

ក្នុងឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ជំហានទីមួយយើងបានបំពាក់កាម៉េរ៉ាចំនួន ៤៣៣ទីតាំង ដែលមានកាម៉េរ៉ាចំនួនជាង ៥០០ នៅលើខ្សែផ្លូវទាំង ៣៧ក្នុងភូមិសាស្ត្រក្នុងខេត្តព្រះសីហនុ ហើយការបំពាក់កាម៉េរ៉ាសុវត្ថិភាពនេះទៀតសោធមានដូចជា កាម៉េរ៉ាធម្មតា និងកាម៉េរ៉ា (AI)កម្រិត ៤មេហ្កា និងកម្រិត ៨មេហ្កា ដោយមានក្រុមហ៊ុនចំនួនពីរក្នុងនោះមានដូចជា ក្រុមហ៊ុន (ម៉ាយអាយ) និងក្រុមហ៊ុន (ម៉ាយក្រូម៉ាកស៍)។
ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យក្រុមហ៊ុនខ្សែកាបអ៊ុបទិច និងក្រុមហ៊ុនកាម៉េរ៉ាសុវត្ថិភាពត្រូវពន្លឿនការបំពាក់ខ្សែ និងកាម៉េរ៉ាឱ្យបានលឿនឆាប់តាមអ្វីដែលអាចធ្វើទៅបាន ម្យ៉ាងទៀតនៅពេលដែលកាម៉េរ៉ាយើងត្រូវបានបំពាក់នៅលើដងផ្លូវក្នុងភូមិសាស្ត្រស្មុគស្មាញនៅក្នុងខេត្តព្រះសីហនុរួចរាល់ បទល្មើសព្រហ្មទណ្ឌ ក៏ដូចជាបទល្មើសចរាចរណ៍យើងអាចគ្រប់គ្រងបាន នឹងត្រូវបានកាត់បន្ថយជាក់ជាមិនខាន៕
\ដោយ៖ ងូ សុមុនី





