មន្ដ្រីរាជការរដ្ឋបាលរាជធានីចូលរួមបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តលង្កាកុសមារាម ដើម្បីឧទ្ទិសមហាកុសល់ជូនដល់បុព្វការីជនអ្នកស្នេហាជាតិ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីរាជការនៅរដ្ឋបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ក្រោមឱវាទ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមពិធីបុណ្យកាន់បិណ្ឌទី៥ នៅវត្តលង្កាកុសមារាម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីឧទ្ទិសមហាកុសល់ជូនដល់បុព្វការីជន អ្នកពលីការពារទឹកដី ដើម្បីជាតិ។
ឯកឧត្ដម ឃួង ស្រេង និងពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានឧទ្ទិសមហាកុសល់ជូនដល់លោកអ្នកមានគុណមានមាតាបិ តាជីដូនជីតាញាតិកាលទាំងប្រាំពីរសណ្តាន ដែលបានបាក់បែកចែកឋានទៅកាន់បរលោកខាងមុខ និងសូមឱ្យអ្នកមានគុណទាំងអស់នោះ បែរភ័ក្រ ងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅឱ្យមានសេចក្តីសុខ សប្បាយក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិផងដែរ។


សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោម ពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ តែងតែគោរព ប្រណិប័ត ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជន ដែលបានលាចាកទៅលោកខាងមុខ។ ប្រជាពលរដ្ឋភាគច្រើន បានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាមចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថាថ្ងៃបុណ្យភ្ជុំបិណ្ឌ៕


ដោយ សួស សំរិត





