អង្គការ ជឺរេស ប្រចាំកម្ពុជាមានគម្រោងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូអង្គការជឺរេស ដឹកនាំដោយអ្នកស្រី ហ្សារី អេលីយ៉ាន (Ms. Eliane Jarry) តំណាងអង្គការជឺរេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ អ្នកស្រី ហ្សារី អេលេយ៉ាន (Ms. Eliane Jarry) បានជម្រាបជូនលោកជំទាវអគ្គលេខាធិការ អំពីសកម្មភាពរបស់អង្គការដែលបានធ្វើកន្លងមក និងមានគម្រោងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា និងបានលើកឡើងថា កន្លងមកអង្គការបានធ្វើសកម្មភាពទាក់ទងនឹងការងារសុខភាព ការប្រែប្រួលអាកាសធាតុ អនាម័យទឹកស្អាត ដែលជាចម្បងការិយាល័យរបស់អង្គការជឺរេសមាននៅក្នុងខេត្តសៀមរាប និងខេត្តរតនគិរី។ ប៉ុន្តែជាគម្រោងថ្មីដែលត្រូវសាកល្បង អង្គការជឺរេសមានគម្រោងមួយទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ ដោយបង្កើតការសាងសង់លំនៅដ្ឋានមួយដែលសមស្របទៅនឹងបរិស្ថានកម្ពុជា ដើម្បីធ្វើឱ្យអាកាសធាតុ និងការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា មានភាពកក់ក្តៅ មានភាពសុខដុម និងស្របទៅនឹងការប្រែប្រួលអាកាសធាតុ ចូលរួមសន្សំសំចៃផង ថែមទាំងមានសុខភាពល្អ។ ដូចនេះគោលបំណងសំខាន់ដែលអ្នកស្រីអញ្ជើញមកកាកបាទក្រហមកម្ពុជា នាពេលនេះ ចង់ដឹងថាតើកាកបាទក្រហមកម្ពុជា អាចគាំទ្រនូវសកម្មភាពអ្វីបាន។ ប៉ុន្តែអ្វីដែលអ្នកស្រីចាប់អារម្មណ៍ខ្លាំងនោះគឺបណ្តាញដ៏សំខាន់របស់កាកបាទក្រហមកម្ពុជា ទាក់ទងនឹងអ្នកស្ម័គ្រចិត្តនៅតាមភូមិ ដោយអ្នកស្រីគិតថាអ្នកស្ម័គ្រចិត្តទាំងនោះអាចជួយដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប គឺគម្រោងរបស់អ្នកស្រីអាចទៅជួយនៅទីនោះ។


លោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន៍ចែករំលែកអំពីការងារចម្បងៗរបស់កាកបាទក្រហមកម្ពុជា ពាក់ព័ន្ធនឹងភាពធន់សហគមន៍ ដែលបានផ្តោតលើការយកចិត្តទុកដាក់លើការងារគ្រោះមហន្តរាយនឹងវិបត្តិភ័យ សុខភាព ការថែទាំសុខភាពសហគមន៍ អនាម័យទឹកស្អាត ដែលស្រដៀងនឹងអង្គការជឺរេសដែរ។

ជាកិច្ចឆ្លើយតបការលើកឡើងរបស់អ្នកស្រី ហ្សារី អេលេយ៉ាន (Ms. Eliane Jarry) នាពេលនោះ លោកជំទាវអគ្គលេខាធិការបានផ្តល់អនុសាសន៍ឱ្យអ្នកស្រីទៅជួបពិភាក្សាការងារជាមួយសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីកំណត់គោលដៅ ក្នុងការអនុវត្តគម្រោងនៅឆ្នាំក្រោយ។ ក្នុងនោះដែរលោកជំទាវអគ្គលេខាធិការបានសំណូមពរឱ្យអង្គការជឺរេសមានការចាប់អារម្មណ៍ ដើម្បីចុះទៅជួយឬកែសម្រួលផ្តល់ទឹកស្អាតដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះនៅតាមព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារផងដែរ។


សូមបញ្ជាក់ដែរថា តំណាងអង្គការជឺរេសមានការចាប់អារម្មណ៍ទៅលើសំណូមពររបស់កាកបាទក្រហមកម្ពុជា ហើយនិងលើកគម្រោងនេះនៅឆ្នាំក្រោយ ទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ជួយដល់ជនភៀសសឹក។បើតាមការបញ្ជាក់បន្ថែមពីអង្គការបច្ចុប្បន្នអង្គការមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋភៀសសឹកដែលកំពង់ស្នាក់អាស្រ័យនៅតាមមណ្ឌលសុវត្ថិភាពនោះទេ តែនឹងលើកគម្រោងទៅជួយការផ្តល់ប្រព័ន្ធទឹកស្អាត ឬអណ្តូងទឹកស្អាត នៅពេលដែលប្រជាពលរដ្ឋធ្វើការត្រឡប់ទៅលំនៅឋានវិញ៕
ដោយ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





