អាជ្ញាធរមីន និងរដ្ឋបាលខេត្ដព្រះវិហារ ត្រៀមបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះពីសំណាក់យោធាថៃ ក្នុងអំឡុងជម្លោះប្រដាប់អាវុធ នាពេលកន្លងមក
AKP ព្រះវិហារ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តមទេសរដ្ឋមន្រ្តីលី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានបញ្ជាក់ថា ផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបន្សល់ពីសំណាក់យោធាថៃទាំងនោះ តម្រូវឱ្យមានការសិក្សា វាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និងធ្វើការបោសសម្អាតជាមុន ដើម្បីធានាសុខសុវត្ថិភាពមុននឹងការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹកសម្រាប់បំពេញសកម្មភាពប្រចាំថ្ងៃ និងគាំទ្រដល់គម្រោងសាងសង់ និងជួសជុលសំណង់ អគារនានា តាមតម្រូវការជាក់ស្តែង។ ឯកឧត្តម លី ធុជ បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្ដព្រះវិហារ ឯកឧត្ដម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ និងអង្គភាពស៊ីម៉ាក់ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។


តំណាងឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់បំផុតរបស់សម្តេចធិបតី បានដាក់ចេញនូវយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទាំងវិស័យការពារជាតិ និងវិស័យការទូត ដើម្បីឆ្លើយតប និងវាយបកទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ក្នុងសំឡេងខ្មែរតែមួយ ពាក់ព័ន្ធនឹងការរំលោភពានរបស់យោធាថៃមកលើកម្ពុជា។ ទោះបីយ៉ាងណា ជម្លោះប្រដាប់អាវុធនេះបានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយហេដ្ឋារចនាសម្ព័ន្ធរូបវន្តភាពធន់របស់កម្ពុជា និងប៉ះពាល់ដល់ភាពសុខក្សេមក្សាន្ត និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជា។

អាជ្ញាធរមីនរួមជាមួយរដ្ឋបាលខេត្តព្រះវិហារកំពុងត្រៀមសហការជាមួយប្រតិបត្តិករជាតិ អង្គភាពស៊ីម៉ាក់ ត្រៀមខ្លួចរួចជាស្រេច ក្នុងការដោះស្រាយ និងបោសសម្អាតយុទ្ធភណគ្រឿងផ្ទុះបន្សល់ទុកពីសំណាក់យោធាថៃស្របតាមតម្រូវការចាំបាច់ ដើម្បីកសាង និងស្តារឡើងវិញនូវសហគមន៍មូលដ្ឋាន និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ៕

ដោយ សួស សំរិត





