កម្ពុជា-វៀតណាម បញ្ជាក់ឡើងវិញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥—ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្លាស់ប្តូរទស្សនៈជាមួយ ឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេសស្ដីទី
នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអំឡុងពេលជួបសម្ដែងការគួរសមតាមប្រព័ន្ធវីដេអូ នៅថ្ងៃនេះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរយ៉ាងកក់ក្ដៅដល់ឯកឧត្តម ឡេ ហ័យជុង ដែលទទួលបានការតែងតាំងជារដ្ឋមន្ត្រីការបរទេសស្ដីទី និងជាលេខា នៃគណៈកម្មាធិការបក្សក្រសួងការបរទេសវៀតណាម។
យោងតាម ខ្លឹមសារផ្ដល់ជូនអ្នកសារព័ត៌មាន ដោយអ្នកនាំពាក្យក្រសួង ស្តីពីជំនួបតាមប្រព័ន្ធវីដៃអូ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្ដម រដ្ឋមន្ត្រីការបរទេសស្ដីទី វៀតណាម រដ្ឋមន្ត្រីការបរទេសទាំងពីរបានរំលឹកដល់ដំណើរទស្សនកិច្ចថ្មីៗរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវៀតណាម កាលពីថ្ងៃទី១–២ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិវៀតណាម ក៏ដូចជាកិច្ចប្រជុំប្រកបដោយផ្លែផ្កា ជាមួយឯកឧត្តមអគ្គលេខាធិការបក្ស តូ ឡឹម ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញជិញ និង ឯកឧត្តម ប្រធានរដ្ឋសភា ជិន ថាញ់មិន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី ដែលកំពុងកើនឡើង និងមានតុល្យភាព ព្រមទាំងបានជំរុញឲ្យពង្រឹង និងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ឡើងវិញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងពីរ ដោយបង្ហាញពនូវការប្តេជ្ញាចិត្ត ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ និងក្នុងការរក្សាការសម្របសម្រួលជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌអាស៊ាន និងវេទិកាអន្តរជាតិ ផ្សេងៗទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឡេ ហ័យជុង ក៏បានទន្ទឹងរង់ចាំនូវការចូលរួមបន្ថែមទៀត រួមទាំងការរៀបចំកិច្ចប្រជុំលើកទី២១ របស់គណៈកម្មាធិការចម្រុះកម្ពុជា–វៀតណាម នៅពេលខាងមុខនេះ ផងដែរ។
រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាសន្តិសុខក្នុងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីវៀតណាម អំពីការវិវត្តជាវិជ្ជមានថ្មីៗ ទាក់ទិននឹងការកាត់បន្ថយភាពតានតឹង
នៃជម្លោះព្រំដែនកម្ពុជាថៃ ជាពិសេសលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅខេត្តកោះកុង ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះការគាំទ្ររបស់វៀតណាម ដល់កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា–ថៃ នឹងការរួមចំណែករបស់វៀតណាម ក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល ផងដែរ។
ដោយ៖ គង់ សិរីរ័ត្ន





