ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រគេនទេយ្យទានដល់ព្រះសង្ឃ ក្នុងពិធីកាន់បិណ្ឌវេនទី៤
AKP កំពង់ស្ពឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ បានប្រគេនគ្រឿងឧបភោគបរិភោគជាទេយ្យវត្ថុ សម្រាប់ព្រះសង្ឃប្រើប្រាស់ និងបច្ច័យមួយចំនួនទៀត សម្រាប់ព្រះសង្ឃគង់នៅវត្តសាលព្រឹក្ស (ត្រាំខ្នារ) និងវត្តតាំងក្រូច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងពិធីកាន់បិណ្ឌវេនទី៤ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។


ក្នុងឱកាសនោះ មានការថ្វាយគ្រឿងរណ្តាប់សក្ការបូជា ប្រតិបត្ដិព្រះធម៌ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាត្តិកាទាំង ៧សណ្ដាន និងដួងវិញ្ញាណក្ខ័នយុទ្ធជន យុទ្ធនារីស្នេហាជាតិដែលពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិគ្រប់សម័យកាល និងជាពិសេសចំពោះវីរយុទ្ធជនដែលបានពលីជីវិត ក្នុងការការពាទឹកដីក្នុងការប៉ះទង្គិចលើសមរភូមិព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ។


ឯកឧត្តមបណ្ឌិត និងលោកជំទាវ បាននាំយកទេយ្យទាន ទេយ្យវត្ថុ ដូចជា អង្ករ មី ទឹកសុទ្ធ ទឹកក្រូច និងបច្ច័យ ដែលបានពីការចូលរួមជាសទ្ធាជ្រះថ្លារបស់សប្បុរសជន វេរប្រគេនព្រះសង្ឃ នៅវត្តត្រាំខ្នារ និងវត្តតាំងក្រូច ដើម្បីទុកសម្រាប់ប្រើប្រាស់ ទៅតាមតម្រូវការរបស់វត្តផងដែរ៕
ដោយ លឹម សាន្ត





