ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជំរុញដល់អគ្គនាយកដ្ឋានថវិកា អគ្គលេខាធិការដ្ឋាន បន្តចូលរួមពង្រឹងការងារថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ) បានជំរុញដល់អគ្គនាយកដ្ឋានថវិកា អគ្គលេខាធិការដ្ឋានក.ស.ហ.វ ក្នុងនាមអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធ ដើម្បីបន្តចូលរួមពង្រឹងការងារថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេស ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅគ្រប់ដំណាក់កាលនៃវដ្តថវិកា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ២០២៥របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជូន គឹមឡេង រដ្ឋលេខាធិការ និងជាប្រធានកម្មវិធីទី៤ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកា។

អង្គប្រជុំបានពិភាក្សា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តថវិកាក្នុងឆមាសទី១ ឆ្នាំ២០២៥ របស់ក.ស.ហ.វ. ដោយបានពិនិត្យឃើញថា អង្គភាពថវិកានៃក.ស.ហ.វ មានការទទួលខុសត្រូវចំពោះសមិទ្ធកម្មរៀងៗខ្លួន ជាមួយនឹងសូចនាករដែលបានព្រមព្រៀង និងដោយមានការចូលរួមពីអង្គភាពជំនាញក្រោមឱវាទ និងការតម្រង់ទិសជាប្រចាំពីថ្នាក់ដឹកនាំនៃអង្គភាពថវិកា។


កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖១. តាមដាន និង រាយការណ៍ជូនថ្នាក់ដឹកនាំ អំពីសមិទ្ធកម្ម និង លទ្ធផលការអនុវត្តថវិកាប្រចាំឆមាសទី ១ ដែលអង្គភាពថវិកានៃ កសហវ. សម្រេចបាន និង សមិទ្ធកម្មជារួមរបស់ក្រសួង។ ២. កំណត់បញ្ហាប្រឈម និងស្នើដំណោះស្រាយ ដើម្បីជំរុញការអនុវត្តបន្តនៅឆមាសទី២។ ៣. បំពេញតាមលក្ខខណ្ឌតម្រូវនៃបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងថវិកាកម្មវិធី និងថវិកាសមិទ្ធកម្មជាធរមាន៕
ដោយ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





