ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ក្នុងក្រុងស្ទឹងសែន
AKP កំពង់ធំ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- សមិទ្ធផលថ្មីមួយទៀតរបស់គម្រោងមូលនិធិសង្កាត់ស្រយ៉ូវ ក្នុងឆ្នាំ២០២៥ ដែលជាផ្លូវបេតុងអាមេប្រវែង១៣១៣ម៉ែត្រ ទទឹង៦ម៉ែត្រ លូ២កន្លែង ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ក្នុងពិធីសម្ពោធនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចតភ្ជាប់គ្នាពីភូមិម្នាវ ភូមិចំបក់ ភូមិកំរ៉ែង និងភូមិពោធិសែនស្នាយ ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ បន្ទាប់ពីផ្លូវបេតុងអាមេត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រួចឯកឧត្តមសន្យាថានឹងជួយឧត្ថម្ភដាក់អំពូលសូឡាអមតាមផ្លូវបេតុងនេះបន្ថែមទៀត ដើម្បីជួយបំភ្លឺនៅពេលយប់ងាយស្រួលក្នុងការធ្វើដំណើរដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចាជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់ថា ដីតំបន់២ និងតំបន់៣ ជុំវិញតំបន់បឹងទន្លេសាប ត្រូវបានចុះបញ្ជីជាដីរដ្ឋ ដោយមិនអនុញ្ញាតឱ្យមានការសុំកាត់ឆ្វៀលដីបន្តទៀតទេ ដើម្បីកុំឱ្យមានផលប៉ះពាល់បាត់បង់ជីវចម្រុះក្នុងបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតំលៃមហាសាលនេះសម្រាប់ទុកជាមរតកសំរាប់មនុស្សគ្រប់ជំនាន់។ ចំពោះការកំណត់ឱ្យមានតំបន់១ តំបន់២ និងតំបន់៣ ក្នុងតំបន់បឹង ទន្លេសាប គឺជាការកំណត់ដ៏ត្រឹមត្រូវមួយដើម្បីរក្សាបឹងទន្លេសាបឱ្យនៅគង់វង្ស។ ចំពោះការធ្វើស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋអាចធ្វើក្នុងតំបន់២បាន ស្របតាមគោលការណ៍ដែលបានកំណត់ និងត្រូវរក្សាទុកតំបន់៣ជាតំបន់អភិរក្ស។ ហើយបច្ចុប្បន្ននេះ ដីតំបន់៣ យើងការពារបានម៉ឺងម៉ាត់ មិនមានការកាប់ទន្ទ្រានក្នុងតំបន់៣នេះទេ៕
ដោយ ស៊ុម វណ្ណា





